
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅចំថ្ងៃខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាម៉េរិក លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានបើកខ្សែទូរសព្ទការទូតដ៏ក្ដៅគគុកដាច់ដោយឡែកពីគ្នា ជាមួយមេដឹកនាំរុស្ស៊ី និងមេដឹកនាំអ៊ុយក្រែន ដើម្បីជំរុញកិច្ចចរចាបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ ដែលបានឈានចូលដល់ឆ្នាំទី៥ទៅហើយនោះ...។

នៅក្នុងជំនួបតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលមានរយៈពេលយ៉ាងវែងអន្លាយរហូតដល់ទៅជិត១ម៉ោងកន្លះ និងជាការជជែកគ្នាលើកទី៤ហើយក្នុងឆ្នាំ២០២៦នេះ។ វិមានក្រឹមឡាំង បានទម្លាយថា កិច្ចពិភាក្សាបានប្រព្រឹត្តទៅយ៉ាងមានលក្ខណៈស្ថាបនា។ នៅក្នុងការហៅទូរសព្ទនោះ លោក ត្រាំ បានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងបញ្ចប់រាល់ការវាយប្រហារគ្នាឱ្យបានឆាប់រហ័ស តាមរយៈបេសកជនពិសេស គឺ លោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងលោក ចារេដ គូស្នឺ (Jared Kushner) ឱ្យបន្តដើរតួជាអ្នកសម្របសម្រួល។ ទោះជាយ៉ាងណា លោក ពូទីន នៅតែប្រកាន់ជំហររឹងរូសដោយសង្កត់ធ្ងន់ថា រុស្ស៊ីស្វាគមន៍ការចរចា លុះត្រាតែភាគីទាំងអស់យល់ព្រមទទួលយកលក្ខខណ្ឌគ្រឹះរបស់រុស្ស៊ី (ការកាត់ទឹកដី) និងបានចោទប្រកាន់ថា រដ្ឋធានីកៀវ និងប្លុកអឺរ៉ុប គឺជា «បក្ខពួកចង់បង្កសង្រ្គាម» ដែលកំពុងព្យាយាមអូសបន្លាយ និងជំរុញឱ្យជម្លោះនេះ កាន់តែរីករាលដាលធំឡើង។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានបើកខ្សែទូរសព្ទហៅទៅកាន់លោក ត្រាំ ផងដែរ ដោយលោកបានសរសេរនៅលើបណ្តាញសង្គម X ថា លោកបានពិភាក្សាជាមួយលោក ត្រាំ ពីស្ថានភាពនៅសមរភូមិជួរមុខ និងបានមើលឃើញពីឱកាសពិតប្រាកដ ក្នុងការបញ្ចប់សង្រ្គាម ដោយពឹងផ្អែកលើការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក។ មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នា នឹងជួបពិភាក្សាផ្ទាល់បន្ថែមទៀត នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី សប្តាហ៍ក្រោយ ខណៈនៅលើសមរភូមិជាក់ស្តែង អ៊ុយក្រែនទើបតែបានបើកការវាយប្រហារដោយដ្រូនយ៉ាងសាហាវទៅលើតំបន់គ្រីមៀ (Crimea) ដែលគ្រប់គ្រងដោយរុស្ស៊ី បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ដែលជាសញ្ញាបង្ហាញថា សង្រ្គាមនៅតែបន្តឆេះរោលរាល ទោះបីជាការទូតកំពុងឡើងកម្ដៅក៏ដោយ៕





