ប្រធានធិបតីអ៊ុយក្រែន៖ កូរ៉េខាងជើងរៀបចំផ្ញើទ័ព៣ម៉ឺននាក់ និងមីស៊ីលបន្ថែមឱ្យរុស្ស៊ី!
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រកាសកាលពីចុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ីកំពុងស្វែងរកការបន្ថែមកងទ័ពកូរ៉េខាងជើងចំនួន៣ម៉ឺននាក់បន្ថែមទៀត ព្រមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលបាលីស្ទីក ដើម្បីយកមកប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី

លោក ហ្សេលេនស្គី បានបញ្ជាក់នៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ថា ការរៀបចំទទួលកងទ័ពកូរ៉េខាងជើងថ្មីទាំងនេះ កំពុងតែធ្វើឡើងនៅក្នុងតំបន់ Voronezh នៃប្រទេសរុស្ស៊ី ដែលស្ថិតនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា ទង្វើនេះមិនត្រឹមតែជាការគំរាមកំហែងដល់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់អាស៊ីទាំងមូលផងដែរ ពីព្រោះរុស្ស៊ីកំពុងជួយកូរ៉េខាងជើងក្នុងការបណ្ដុះបណ្ដាលយុទ្ធវិធីសង្គ្រាម អភិវឌ្ឍអាវុធ និងផ្តល់បទពិសោធប្រយុទ្ធជាក់ស្តែងដល់កងទ័ពកូរ៉េខាងជើង។ គួររំលឹកថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅជួយរុស្ស៊ីរួចមកហើយនៅក្នុងតំបន់ Kursk កាលពីឆ្នាំ២០២៤ ហើយយោងតាមការបញ្ជាក់ពីកូរ៉េខាងត្បូង កងទ័ពកូរ៉េខាងជើងប្រមាណ២ពាន់នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ

ការកម្រើកឡើងវិញនៃសកម្មភាពយោធានេះ បានកើតឡើងបន្ទាប់ពីប្រទេសទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាជំនួយយោធាទៅវិញទៅមក ហើយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ទើបតែបានបំពេញទស្សនកិច្ចនៅរដ្ឋធានីម៉ូស្គូ ដោយបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសង្គ្រាមរបស់រុស្ស៊ី។ ជាការឆ្លើយតបទៅនឹងជំនួយយោធាទាំងនេះ ប្រទេសកូរ៉េខាងជើងទទួលបានប្រាក់ និងបច្ចេកវិទ្យាយោធា ព្រមទាំងស្បៀងអាហារ និងថាមពលពីរុស្ស៊ី ដើម្បីជួយសម្រាលផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត