
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រាប់សភាសហរដ្ឋអាម៉េរិកថា ខ្លួននឹងមិនទម្លាក់ថវិកាជំនួយ៤០០លានដុល្លារ ដែលសភាបានអនុម័តជូនអ៊ុយក្រែនឱ្យអស់នោះទេ រហូតដល់ឆ្នាំ២០២៩ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ។ ការពន្យារពេលនេះ កើតឡើងចំពេលរដ្ឋធានីកៀវកំពុងប្រឈមមុខនឹងការខ្វះខាតអាវុធយ៉ាងធ្ងន់ធ្ងរ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

លិខិតរបស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិកទៅកាន់សភា បានគូសបញ្ជាក់ថា ថវិកានឹងត្រូវចុះកិច្ចសន្យាក្នុងឆ្នាំ២០២៦ ប៉ុន្តែការប្រគល់អាវុធ និងជំនួយទាំងស្រុងនឹងត្រូវអូសបន្លាយរហូតដល់ចុងឆ្នាំ២០២៩។ ការណ៍នេះ បានជំរុញឱ្យសមាជិកសភាទាំងប្រជាធិបតេយ្យ និងសាធារណរដ្ឋ រិះគន់មន្ទីរបញ្ចកោណយ៉ាងខ្លាំង ចំពោះការបង្កកថវិកាជំនួយនេះទុក ដោយចាត់ទុកថា ជាការធ្វើការយឺតយ៉ាវខុសធម្មតា ក្នុងពេលដែលសង្គ្រាមកំពុងតានតឹងខ្លាំង។ សូមជម្រាបថា ការលេចធ្លាយព័ត៌មាននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី ជួបប្រជុំជាមួយលោក ត្រាំ នៅសេតវិមាន និងចូលជួបព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដើម្បីស្នើសុំប្រព័ន្ធការពារអាកាស និងដ្រូនជាបន្ទាន់។

ថវិកាជំនួយ៤០០លានដុល្លារ ត្រូវបែងចែកជា៣ចំណែកធំៗ។ ២០០លានដុល្លារ គឺសម្រាប់អាវុធ គ្រាប់គាំភ្លើង និងគ្រាប់បែក, ៩៩,៩លានដុល្លារ ផ្តោតលើយានយន្តប្រយុទ្ធ និងគ្រឿងបន្លាស់, និង១០០លានដុល្លារ គឺសម្រាប់សេវាកម្មដឹកជញ្ជូនសម្ភារយោធា ឬភស្តុភារកម្ម។ តាមច្បាប់សហរដ្ឋអាម៉េរិក ប្រធានាធិបតីត្រូវតែចំណាយថវិកាដែលសភាបានអនុម័ត ហើយមិនអាចរារាំងតាមអំពើចិត្តបានឡើយ។ ទោះបីជាយ៉ាងណា ថ្មីៗនេះ លោក ត្រាំ បានបង្ហាញជំហរវិជ្ជមានខ្លះៗដូចជា អនុញ្ញាតឱ្យអ៊ុយក្រែនផលិតគ្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដោយខ្លួនឯង ប៉ុន្តែចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក មិនទាន់បានអនុម័តកញ្ចប់ជំនួយធំថ្មីណាមួយបន្ថែមទៀតសម្រាប់អ៊ុយក្រែននោះទេ។ ការណ៍នេះ ធ្វើឱ្យគេចោទសួរកាន់តែច្រើនថា តើសហរដ្ឋអាម៉េរិកពិតជាប្តេជ្ញាចិត្ត ចង់បញ្ចប់សង្គ្រាមមួយនេះដោយសុច្ចចិត្ត ឬគ្រាន់តែជាល្បែងបាស្កានយោបាយខ្លាស៊ីគោរបស់លោក ដូណាល់ ត្រាំ?...៕




