
រដ្ឋធានីវ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទៅដល់អាម៉េរិក ហើយលោកនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ។ នេះជាជំនួបផ្ទាល់មុខលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីរួមគ្នាដៃបង្កសង្គ្រាមប្រឆាំងអ៊ីរ៉ង់តាំងពីខែកុម្ភៈមក ហើយជំនួបនេះ ក៏កើតឡើងចំពេលទំនាក់ទំនងរវាងអ្នកទាំងពីរ មានភាពរកាំរកូសជាសាធារណៈដែរក្នុងរយៈពេលចុងក្រោយនេះ។

ជំនួបរវាងលោក នេតាន់យ៉ាហ៊ូ និងលោក ត្រាំ នឹងផ្តោតសំខាន់លើស្ថានការណ៍សង្គ្រាមជាមួយអ៊ីរ៉ង់។ មុនពេលចាកចេញពីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានថ្លែងថា៖«នេះជាកិត្តិយសដ៏ធំធេង ប៉ុន្តែក៏ជាការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរផងដែរ។ យើងនឹងពិភាក្សាលើរបៀបវារៈទាំងអស់ ជាពិសេសបញ្ហាអ៊ីរ៉ង់ ដោយគោលដៅរបស់យើងគឺការពារសន្តិសុខជាតិ និងពង្រីកសន្តិភាពជុំវិញយើង»។

ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ បានឈានដល់កម្រិតទាបបំផុត ក្នុងអំឡុងពេលចរចាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ និងជាមួយលីបង់ ដោយលោក ត្រាំ ធ្លាប់បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗប្រមាថលោក នេតាន់យ៉ាហ៊ូ តាមទូរសព្ទ។ ទោះជាយ៉ាងណា លោក នេតាន់យ៉ាហ៊ូ បានសម្រួលសភាពការណ៍ដោយចាត់ទុកពាក្យសម្តីទាំងនោះថាជាការខ្វែងគំនិតគ្នាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអះអាងថា លោកទាំងពីរនៅតែមានគោលដៅរួមដដែល។

ក្រៅពីបញ្ហាអ៊ីរ៉ង់ មេដឹកនាំទាំងពីរ ក៏អាចនឹងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅលីបង់ ក៏ដូចជាវិបត្តិមនុស្សធម៌ និងការកសាងឡើងវិញនៅតំបន់ហ្កាហ្សា (Gaza) ដែលកំពុងជាប់គាំង។ ការបង្ហាញភាពជិតស្និទ្ធជាមួយប្រធានាធិបតីអាម៉េរិកនាពេលនេះ ត្រូវគេមើលឃើញថាជាកត្តាជួយលើកមុខមាត់លោក នេតាន់យ៉ាហ៊ូ នៅក្នុងស្រុកឡើងវិញ ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ កំពុងប្រឈមនឹងការបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលាខាងមុខ និងការស្រុតចុះនៃប្រជាប្រិយភាពតាមការស្ទង់មតិ៕



