
រាជធានីតូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្លាំង៧,១រ៉ិចទ័រ ក្នុងជម្រៅដីប្រមាណ១០គីឡូម៉ែត្រ បានវាយប្រហារខេត្តគូម៉ាម៉ូតូ (Kumamoto) ភាគខាងត្បូងប្រទេសជប៉ុន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ។

គ្រោះរញ្ជួយដីនេះ បានឈានដល់កម្រិតទី៧ ដែលជាកម្រិតញ័រខ្លាំងក្លា និងខ្ពស់បំផុតនៅក្នុងរង្វាស់កម្រិតរញ្ជួយដីរបស់ប្រទេសជប៉ុន។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ កម្ពស់១ម៉ែត្រភ្លាមៗ សម្រាប់តំបន់ឆ្នេរ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅជិតតំបន់ឆ្នេរសមុទ្ទប្រញាប់ប្រញាល់ ចាកចេញទៅកាន់ទីតាំងដែលសុវត្ថិភាព។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន បានប្រកាសអាសន្នគ្រោះមហន្តរាយបន្ទាន់នៅក្នុងខេត្តចំនួន៧ នៅភាគខាងត្បូង រួមមាន៖ គូម៉ាម៉ូតូ Kumamoto, ណាហ្កាសាគី Nagasaki, ហ្កាហ្គូស៊ីម៉ា Kagoshima, ហ្វូគូអូកា Fukuoka, សាហ្កា Saga, អូអ៊ីតា Oita និងមីយ៉ាហ្សាគី Miyazaki ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ខណៈអាជ្ញាធរកំពុងបន្តតាមដាន និងវាយតម្លៃលើទំហំខូចខាត ដែលបង្កឡើងដោយគ្រោះធម្មជាតិមួយនេះ៕


