
រដ្ឋធានីប៉េកាំង៖ ព្យុះទីហ្វុងនូល (Noul) ដែលជាព្យុះទី១២ នៅមហាសមុទ្ទប៉ាស៊ីហ្វិក និងជាព្យុះទី៣ ដែលបានវាយប្រហារប្រទេសចិនក្នុងខែនេះ ដោយបានបោកបក់មកដល់ដែនដីគោកភាគខាងត្បូងនៃប្រទេសចិន និងក្បែរដែនដីហុងកុង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយនាំមកនូវផ្លេកបន្ទោរ ភ្លៀងធ្លាក់យ៉ាងកំហុក និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា។

ទូរទស្សន៍មជ្ឈិមចិន (CCTV) បានរាយការណ៍ថា ផ្ចិតនៃព្យុះទីហ្វុងនេះបានឆ្លងកាត់ចិនដីគោក នៅជិតទីប្រជុំជនពីងហៃ Pinghai ខេត្តគ័ងទុង (Guangdong) ចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគខាងជើង និងខាងកើតនៃហុងកុង ដោយមានកម្លាំងខ្យល់បក់អតិបរមារហូតដល់១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យព្យុះនូល ក្លាយជាព្យុះទីហ្វុងដ៏កាចសាហាវ និងខ្លាំងក្លាបំផុតដែលបានវាយប្រហារប្រទេសចិន នៅក្នុងឆ្នាំ២០២៦នេះ។ អាជ្ញាធរចិន បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះនេះបានបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាង ៣៤០ ០០០នាក់នៅក្នុងខេត្តគ័ងទុង ចេញទៅកាន់ទីសុវត្ថិភាព។ ជាមួយគ្នា ដំណើរការរថភ្លើងទាំងអស់នៅក្នុងខេត្តគ័ងទុងត្រូវបានផ្អាកទាំងស្រុងនៅថ្ងៃអាទិត្យនេះ ហើយសាលារៀននៅក្នុងក្រុងចាវជូ Chaozhou ក៏ត្រូវបានបញ្ជាឱ្យផ្អាកសកម្មភាពសិក្សាផងដែរ។

ដោយឡែក នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ជើងហោះហើររាប់រយត្រូវលុបចោល និងពន្យារពេល ដោយសារតែអាកាសធាតុអាក្រក់។ ក្រុមហ៊ុនអាកាសចរណ៍ធំៗ រួមទាំង Singapore Airlines ផងដែរ បានប្រកាសលុបចោលជើងហោះហើរមួយចំនួនរវាងសិង្ហបុរី ហុងកុង និងក្រុងសិនជិន (Shenzhen)។ គួរបញ្ជាក់ផងដែរថា អាកាសធាតុអាក្រក់ខ្លាំងបានបង្កើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចជាស្រេចនៅភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសចិនក្នុងខែនេះ ដោយកាលពីពេលថ្មីៗ ព្យុះទីហ្វុងម៉ៃសាក់ (Maysak) បានបង្កឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញនៅតំបន់ក្វាងស៊ី បណ្ដាលឱ្យមនុស្ស៣៩នាក់ស្លាប់ និង១១នាក់ផ្សេងទៀតស្លាប់នៅក្នុងខេត្តហឺប៉ី Hubei ផងដែរ៕






