សមត្ថកិច្ចជប៉ុន វ៉ៃខ្នោះស្ត្រីជនជាតិថៃម្នាក់ និងបញ្ជូនទៅឃុំ ជុំវិញករណីជួញដូរថ្នាំញៀនឆ្លងដែន១២គីឡូក្រាម
N
Nary Vann
13 ម៉ោងមុន

រាជធានីតូក្យូ៖ ស្ត្រីជនជាតិថៃអាយុ២៨ឆ្នាំម្នាក់ ឈ្មោះ Jutatip (ជូថាធីប) ដែលជាអ្នកទទួលស៊ីឈ្នួលដឹកជញ្ជូនកញ្ចប់ទំនិញតាមយន្តហោះ ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួននៅអាកាសយានដ្ឋាន Fukuoka បន្ទាប់ពីមន្ត្រីគយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក (Ice) លាក់ទុកយ៉ាងជិតនៅក្នុងកញ្ចប់កាហ្វេ ក្នុងប្រអប់ទំនិញដែលនាងបានដឹកជញ្ជូនពីប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មកម៉្លេះ នៅពេលដែលនាង Jutatip និងមិត្តភក្តិបានធ្វើដំណើរមកដល់ប្រទេសជប៉ុនជាមួយប្រអប់ទំនិញចំនួន៩ប្រអប់។ នាងត្រូវបានអាជ្ញាធរឃាត់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋាន ខណៈមិត្តភក្តិរួមដំណើរត្រូវបានសាកសួរអស់រយៈពេល១១ម៉ោង មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ គួរបញ្ជាក់ថា​ នាង Jutatip និងមិត្តភក្តិម្នាក់ទៀត គឺជាអ្នកទទួលសេវាដឹកជញ្ជូនទំនិញឯករាជ្យ ឱ្យជនជាតិថៃដែលរស់នៅក្នុងប្រទេសជប៉ុន។

លុះដល់ថ្ងៃទី២២ ខែកក្កដា ស្ថានអគ្គកុងស៊ុលថៃប្រចាំក្រុង Fukuoka បានបញ្ជាក់ផ្លូវការថា អាជ្ញាធរជប៉ុនបានរកឃើញថ្នាំញៀនបង្កប់ក្នុងកញ្ចប់កាហ្វេទម្ងន់ប្រមាណ១២គីឡូក្រាម ដែលត្រូវបានផ្ញើដោយអតិថិជនម្នាក់តាមបណ្តាញសង្គម។ បច្ចុប្បន្ន នាង Jutatip កំពុងបន្តស្ថិតក្រោមកាឃុំខ្លួន និងស៊ើបអង្កេតពីសំណាក់សមត្ថកិច្ចជប៉ុន ខណៈគ្រួសាររបស់នាង Jutatip កំពុងអំពាវនាវឱ្យអាជ្ញាធរថៃជួយអន្តរាគមន៍ផ្លូវច្បាប់នៅប្រទេសជប៉ុនជាបន្ទាន់ ព្រោះនាងគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកទំនិញ និងមិនបានដឹងពីសារធាតុញៀនខាងក្នុងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត