បន្ទប់ថែទាំជំងឺ«ពេទ្យស្រុិន»ស្រុកកោះសូទិន ព្យាបាលអ្នកជំងឺគ្រុ.ន.ឈា.មរហូតដល់ស្លា.ប់ ទើបបែកធ្លាយរឿងទិញឈ្មោះគេមកបើកអាជីវកម្ម
ហាក់ អ៊ីឌី
13 ម៉ោងមុន

ក្រុងកំពង់ចាម៖ មានករណីដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយកើតឡើងនៅទីតាំងបន្ទប់ថែទាំជំងឺយីហោ «ពេទ្យស្រុិន» ទទួលព្យាបាលអ្នកជំងឺគ្រុនឈាម រហូតបណ្ដាលឱ្យអ្នកជំងឺបាត់បង់ជីវិត ទើបដឹងថា ទីតាំងនោះ ទិញឈ្មោះ និងបណ្ណអនុញ្ញាតពីអ្នកដទៃ មកបើកដំណើរការអាជីវកម្ម...។

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្អាក និងបិទទីតាំងបន្ទប់ថែទាំជំងឺមួយកន្លែង ដែលប្រជាពលរដ្ឋស្គាល់ថា «ផ្ទះពេទ្យស្រ៊ិន» ស្ថិតនៅតំបន់ផ្សារជីហែ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បន្ទាប់ពីទទួលពាក្យបណ្ដឹងពីអាណាព្យាបាលក្មេងប្រុសវ័យ១១ឆ្នាំម្នាក់ ដែលទទួលមរណភាព ក្រោយទទួលសេវានៅបន្ទប់ថែទាំងជំំងឺខាងលើ ពាក់ព័ន្ធជំងឺគ្រុនឈាម។

ជាមួយគ្នាផងដែរ អាជ្ញាធរជំនាញបានរកឃើញថា បន្ទប់ថែទាំជំងឺដែលដំណើរការដោយ «គ្រូពេទ្យស្រ៊ិន» នេះ បានបើកអាជីវកម្មជាច្រើនឆ្នាំមកហើយ ដោយម្ចាស់ទីតាំងពុំមានសញ្ញាបត្រវេជ្ជសាស្ត្រត្រឹមត្រូវនោះទេ ពោលគឺបានប្រើប្រាស់វិធីជួល ឬទិញឈ្មោះបុគ្គលម្នាក់ឈ្មោះ ចំរើន កិរិយា (ភេទស្រី) ដើម្បីយកមកឈរឈ្មោះបើកអាជីវកម្មឱ្យស្របតាមផ្លូវច្បាប់។ សូមជម្រាបថា ជំងឺគ្រុនឈាម ជាជំងឺកាចសាហាវដែលទាមទារការតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតពីគ្រូពេទ្យឯកទេសច្បាស់លាស់។ ករណីមានសមាជិកគ្រួសារមានអាការក្ដៅខ្លួនខ្លាំង ឬសង្ស័យថា មានជំងឺគ្រុនឈាម សូមប្រញាប់បញ្ជូនទៅអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជន ដែលមានអាជ្ញាបណ្ណ និងទទួលស្គាល់ផ្លូវការជាដាច់ខាត ចៀសវាងការផ្ញើជីវិតលើបន្ទប់ថែទាំជំងឺ ឬគ្លីនិកគ្មានប្រភពច្បាស់លាស់ នាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតដូចជាករណីខាងលើ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត