
ក្រុងបាត់ដំបង៖ ស្រូវប្រជាកសិករនៅទូទាំងខេត្តបាត់ដំបង ប្រមាណ១៣ម៉ឺនហិកតាបានប៉ះពាល់ដោយគ្រោះរាំងស្ងួត ខណៈការអន្តរាគមន៍សង្គ្រោះគិតត្រឹមថ្ងៃទី២៨ ខែកក្កដា ទើបសម្រេចបានជាង៧ម៉ឺនហិកតាប៉ុណ្ណោះ...។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យស្ថានភាពទឹក នៅអាងទឹកពហុបំណងបាត់ដំបង(សេកសក) ប្រព័ន្ធធារាសាស្ដ្រអាងកំពីងពួយនៅថ្ងៃទី២៨កក្កដា ដើម្បីពិនិត្យការបញ្ជូនទឹកសង្គ្រោះដំណាំស្រូវនៅស្រុកថ្មគោល ស្រុកបាណន់ និងបូមទឹកសង្គ្រោះស្រូវនៅស្រុកបវេល។ ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ លោក សុខ លូ បានឱ្យដឹងថា អាងកំពីងពួយ ដែលមានសមត្ថភាពស្តុកទឹកប្រមាណ១៤០លានម៉ែត្រគូប បច្ចុប្បន្ននៅសល់ទឹកត្រឹមប្រមាណ៤លានម៉ែត្រគូបប៉ុណ្ណោះ។ ទោះជាយ៉ាងណា អាជ្ញាធរកំពុងបន្តអន្តរាគមន៍ ដើម្បីកាត់បន្ថយការខូចខាតស្រូវរបស់ប្រជាកសិករ ដោយបញ្ជូនទឹកដែលមានទាំងអស់នៅក្នុងអាងកំពីងពួយ ទៅសង្គ្រោះដំណាំស្រូវកសិករឱ្យអស់លទ្ធភាព ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស និងផែនការគ្រប់គ្រងធនធានទឹក។

ជាមួយគ្នា អភិបាលខេត្តរូបនេះ ក៏បានណែនាំដល់មន្ទីរធនធានទឹក ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងបែងចែកទឹកដល់ប្រជាកសិករ ប្រកបដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព ដើម្បីធានាថា ទឹកត្រូវបានប្រើប្រាស់ឱ្យមានប្រយោជន៍ខ្ពស់បំផុតក្នុងការសង្គ្រោះដំណាំស្រូវ។ សកម្មភាពអន្តរាគមន៍នេះ ត្រូវបានអនុវត្តស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងដោះស្រាយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងជួយរក្សាស្ថិរភាពផលិតកម្មកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ប្រជាកសិករ៕







