
ក្រុងបាត់ដំបង៖ ក្នុងឱកាសទស្សនកិច្ច និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង កាលពីថ្ងៃទី៩កុម្ភៈ លោក សុខ លូ បានស្នើដល់ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនីក វីល្លៀម ជួយកៀរគរអ្នកវិនិយោគចក្រភពអង់គ្លេស មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាឱ្យបានច្រើន ជាពិសេសក្នុងខេត្តបាត់ដំបង…។

បាត់ដំបង ជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ ជាមួយប្រទេសថៃ។ ថ្លែងប្រាប់ លោក ដូមីនីក វីល្លៀម លោក សុខ លូ បានឱ្យដឹងថា បាត់ដំបងជាខេត្ត មានសក្ដានុពលលើវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម ប៉ុន្តែការវិនិយោគផ្នែកឧស្សាហកម្ម នៅមានកម្រិត។ រដ្ឋបាលខេត្ត ក៏កំពុងមានតម្រូវការជាច្រើនផ្នែកដោយទាមទារឱ្យវិនិយោគិនក្នុង និងក្រៅស្រុកចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគផ្នែកកសិ-ឧស្សាហកម្ម ក្នុងការកែច្នៃកសិផល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ជាការឆ្លើយតប លោកដូមីនីក វីល្លៀម បានទទួលយកនូវអ្វីដែលអភិបាលខេត្តបាត់ដំបងលើកឡើង។ លោកបានអរគុណដល់រដ្ឋបាលខេត្ត ដែលផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល ឱកាសវិនិយោគ និងតម្រូវការរបស់ខេត្តបាត់ដំបង ក្នុងឆន្ទៈដូចគ្នា គឺជួយអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែម៕



