
ក្រុងបាត់ដំបង៖ ដំណាំស្រូវរបស់ប្រជាកសិករចំនួន១៥៥២៣ហិកតា ស្ថិតក្នុងស្រុកបាណន់ ស្រុកថ្មគោល និងក្រុងបាត់ដំបង កំពុងជួបគ្រោះរាំងស្ងួត(កូនរដូវប្រាំងក្នុងរដូវវស្សា) យ៉ាងណា មន្រ្តីជំនាញ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ចំនួន៣សំខាន់ៗ ដើម្បីដោះស្រាយបញ្ហា។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២កក្កដា ឆ្នាំ២0២៦…។

មន្ត្រីធនធានទឹក គូសបញ្ជាក់ថា កាលពីថ្ងៃទី២១កក្កដាម្សិលមិញ លោក ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ចុះពិនិត្យការងារអន្តរាគមន៍ ដើម្បីបញ្ជូនទឹកពីស្ទឹងមង្គលបូរីចូលក្នុងអាងកំពីងពួយ ក្នុងគោលបំណងជួយសង្គ្រោះផ្ទៃដីកសិកម្មដំណាំស្រូវរបស់ប្រជាកសិករ។ ជាមួយគ្នា អនុរដ្ឋលេខាធិការ បានលើកទ្បើងថា ជាដំណោះស្រាយបន្ទាន់ មន្រ្តីជំនាញ បានដាក់ចេញនូវវិធានការអន្តរាគមន៍មួយចំនួនដូចជា៖ ទី១.កាយទំនប់ស្ទាក់ក្នុងប្រឡាយអូរដូនពៅ ដែលកំពុងស្ថិតក្នុងការសាងសង់ស្ពានឆ្លងកាត់មួយកន្លែង។ ទី២.បើកទ្វារទឹកក្បាលប្រឡាយអូរដូនពៅ ដើម្បីបញ្ជូនចរន្តទឹកឱ្យហូរចូលទៅក្នុងអាងកំពីងពួយ។ ទី៣.ចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងក្នុងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ដែលរងផលប៉ះពាល់។

មន្ត្រីធនធានទឹកបន្ថែមថា កន្លងទៅ ក្រុមការងារបច្ចេកទេសរបស់មន្ទីរ បានអន្តរាគមន៍សង្គ្រោះដំណាំស្រូវដែលខ្វះទឹកក្នុងប្រព័ន្ធអាងកំពីងពួយបានចំនួន១៦១០ហិកតា រួចមកហើយ។ គួរជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា កន្លងមក បានដាក់ចេញនូវគោលនយោបាយជាតិ លើវិស័យធនធានទឹកសម្រាប់ការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព ខណៈក្រសួងធនធានទឹក ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយនូវការខូចខាត ដែលបណ្ដាលមកពីគ្រោះធម្មជាតិ ដូចជា៖ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕




