
រដ្ឋធានីតេហេរ៉ង់៖ អ៊ីរ៉ង់ បានប្រកាសថា នឹងផ្អាកការវាយប្រហាររបស់ខ្លួនដូចគ្នា ដរាបណាសហរដ្ឋអាម៉េរិកបន្តផ្អាកការវាយប្រហារដែរ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

ការវិវត្តថ្មីនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចចិត្តផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីកងកម្លាំងអាម៉េរិកបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាចំនួន១៣យប់ជាប់ៗគ្នា ហើយក៏ទទួលការឆ្លើយតបពីអ៊ីរ៉ង់វិញដែរ។ បើតាមមន្ត្រីអាម៉េរិក ទីប្រឹក្សាយោធា បានប្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា មានការព្រួយបារម្ភអំពីការខ្វះខាតគ្រាប់រំសេវ និងអាវុធការពារអាកាសរបស់អាម៉េរិក។

ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា៖«ជំហររបស់តេហេរ៉ង់ គឺវាយប្រហារតបតទៅតាមទំហំវាយប្រហាររបស់អាម៉េរិក។ ប្រសិនបើការវាយប្រហារត្រូវបានផ្អាក អ៊ីរ៉ង់ក៏នឹងផ្អាកប្រតិបត្តិការរបស់ខ្លួនដែរ។ សារនេះត្រូវបានផ្ញើទៅកាន់សហរដ្ឋអាម៉េរិករួចហើយ»។ យ៉ាងណាក៏ដោយ ភាគីអ៊ីរ៉ង់នៅតែមានការសង្ស័យ និងយល់ថា ការផ្អាកនេះគ្រាន់តែជាល្បិចយុទ្ធសាស្ត្របណ្តោះអាសន្នរបស់អាម៉េរិកប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក ម៉ៃ វ៉ល (Mike Waltz) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារ ដើម្បីទុកលំហបន្ថែមសម្រាប់កិច្ចចរចាការទូត៕




