សុទ្ធតែរងគ្រោះពីសង្គ្រាមផ្តើមឡើងដោយមហាអំណាចដូចគ្នា តែអ៊ីរ៉ង់ និងអ៊ុយក្រែន បែរជាចង់តម្រង់អាវុ.ធដាក់គ្នា
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម អាស៊ីស៊ី (Ebrahim Azizi) បានចេញមុខព្រមានធ្ងន់ៗទៅកាន់អ៊ុយក្រែន បន្ទាប់ពីមានការអះអាងថា អ៊ុយក្រែន បានប្រើដ្រូនវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅតំបន់សមុទ្ទ Caspian (ខាស្បៀន) បណ្ដាលឱ្យអ្នកនាវិកម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស។ ប្រទេសទាំង២នេះ សុទ្ធតែរងសង្គ្រាមពីប្រទេសមហាអំណាច ដោយអ៊ីរ៉ង់ កំពុងទប់ទល់ជាមួយមហាសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែល ហើយអ៊ុយក្រែន កំពុងទប់ទល់ជាមួយរុស្ស៊ី។ 

ក្នុងការបង្ហោះលើបណ្តាញសង្គម X លោក អាស៊ីស៊ី បានគូសបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់នឹងមិនបណ្តោយឱ្យហេតុការណ៍នេះ កន្លងផុតទៅដោយគ្មានការឆ្លើយតបនោះទេ។ លោកបានសរសេរថា៖«រាល់ការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ តែងតែមានតម្លៃត្រូវទូទាត់ជានិច្ច ហើយនៅតែបន្តអនុវត្តរហូតមកដល់ថ្ងៃនេះ ដែល[រឿងនេះ] សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់។ មិនយូរមិនឆាប់ ប្រទេសអ៊ុយក្រែនក៏នឹងអាចយល់ដឹងកាន់តែច្បាស់ថា អ៊ីរ៉ង់មិនដែលទុកឱ្យសកម្មភាពវាយប្រហារណាមួយកើតឡើងដោយគ្មានការឆ្លើយតបនោះឡើយ»

ការប្រកាសព្រមានពីមន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅប្រមុខបេសកកម្មការទូតស្ដីទីអ៊ុយក្រែនប្រចាំរដ្ឋធានីតេហេរ៉ង់ ឱ្យចូលទៅជួប ដើម្បីបង្ហាញការតវ៉ាជាផ្លូវការ និងបានចោទប្រកាន់រដ្ឋធានីកៀវថា បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ធ្លាប់អះអាងថា កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារចម្ងាយឆ្ងាយលើគោលដៅយោធារុស្ស៊ី និងនាវាដែលដឹកជញ្ជូនបរិក្ខារយោធាពាក់ព័ន្ធនឹងអ៊ីរ៉ង់នៅក្នុងសមុទ្ទ Caspian៕

ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយលើផ្ទៃសមុទ្ទ Caspian កាលពីកន្លងមក (មិនមែនកើតឡើងពីការបាញ់ប្រហាររបស់អ៊ុយក្រែនទៅលើនាវាអ៊ីរ៉ង់នោះទេ។ 
ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយលើផ្ទៃសមុទ្ទ Caspian កាលពីកន្លងមក (មិនមែនកើតឡើងពីការបាញ់ប្រហាររបស់អ៊ុយក្រែនទៅលើនាវាអ៊ីរ៉ង់នោះទេ។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត