
បទបរិយាយ៖ ចងចាំគ្មានថ្ងៃបំភ្លេច! យោធាថៃបានបើកការឈ្លានពានយ៉ាងកំរោល សាហាវព្រៃផ្សៃ ឃោរឃៅ និងយង់ឃ្នងជាទីបំផុតមកលើអធិបតេយ្យភាពកម្ពុជា ជាពិសេស ការប្រើអាវុធធុនធ្ងន់ៗដូចជា៖ កាំភ្លើងធំ កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ផ្សែងគីមីពុល និងបក្សីចម្បាំងស្លាបដែកជាច្រើនប្រភេទ ហោះចូលជ្រៅក្នុងដែនសីមាកម្ពុជា កម្ទេចសំណង់លំនៅឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន៖ ផ្ទះសម្បែង សាលារៀន វត្តអារាម សំណង់ប្រាសាទបេតិកភណ្ឌ។ល។ យ៉ាងណា បើយើងក្រឡេកទៅមើលព្រំដែនថៃ-ភូមា គេរមែងឃើញភាពតានតឹងផុសឡើងជារឿយៗ ប៉ុន្តែយោធាថៃ បានត្រឹមរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានក្អកគ្រហែមជាមួយយោធាភូមាឡើយ។ តើមានអ្វីជាអាថ៌កម្បាំងនៅពីក្រោយការស្ងប់ស្ងាត់របស់យោធាថៃ..? តើហេតុអ្វី ក៏យោធាថៃហ៊ានអុងអាត់តែជាមួយកម្ពុជា ឬមួយភូមាមានអាវុធដែលធ្វើឱ្យថៃភ័យខ្លាច..?

ចម្លើយពិតប្រាកដ និងជាក់ស្តែង នោះគឺស្ថិតនៅលើឃ្លាំងសព្វាវុធ និងយុទ្ធោបករណ៍សាហាវៗរបស់យោធាភូមា ដែលមានឈ្មោះជាផ្លូវការថា «តាត់ម៉ាដាវ (Tatmadaw)»។ ថ្វីបើភូមា ឬមីយ៉ាន់ម៉ា ស្ថិតក្នុងភាពរញ៉េរញ៉ៃនៃសង្គ្រាមស៊ីវិលផ្ទៃក្នុងដ៏រ៉ាំរ៉ៃ និងរងទណ្ឌកម្មសេដ្ឋកិច្ចជុំទិសពីអន្តរជាតិក៏ដោយ ប៉ុន្តែបើនិយាយពីកម្លាំងយោធា និងខែលការពារជាតិវិញ យោធាភូមា នៅតែត្រូវបានគេចាត់ទុកជាខ្លាកំណាចមួយក្បាលនៅក្នុងតំបន់ ម៉្លោះហើយទើបយោធាថៃមិនហ៊ានក្អកគ្រហែម ឬញេញធ្មេញដាក់ដូចកម្ពុជាឡើយ។ មែនទែនទៅ ភូមាមិនត្រឹមតែមានមហាអំណាចចិន និងរុស្ស៊ីនៅពីក្រោយការផ្គត់ផ្គង់សព្វាវុធប៉ុណ្ណោះទេ អាវុធយុទ្ធសាស្ត្រកម្រិតធ្ងន់ៗជាច្រើននៅក្នុងខ្លាំង គឺជារឿងដែលប្រទេសថៃមិនហ៊ានលលេងជាមួយឡើយ។ មិនត្រឹមទិញសព្វាវុធផ្ញុកឃ្លាំងទេ យោធាភូមានៅអាចផលិតគ្រឿងសឹកប្រយុទ្ធដោយខ្លួនឯងបានថែមទៀតផង។ សូមជម្រាបថា កងទ័ពភូមា គឺជាកម្លាំងយោធាមួយមានរចនាសម្ព័ន្ធទំនើប និងចម្រុះ ដោយបែងចែកជា៣កងធំៗរួមមាន៖ កងទ័ពជើងគោក, កងទ័ពអាកាស, និងកងទ័ពជើងទឹក។

ចំពោះប្រភពអាវុធសំខាន់ៗរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន រុស្ស៊ី ឥណ្ឌា អ៊ុយក្រែន អ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន រួមទាំងសមត្ថភាពផលិតគ្រឿងយុទ្ធោបករណ៍ក្នុងស្រុកដោយខ្លួនឯង។ថ្ងៃនេះ SBM News នឹងបង្ហាញនូវប្រភេទអាវុធសំខាន់ៗទាំងអស់របស់យោធាភូមា ដែលធ្វើឱ្យយោធាថៃរារែក និងមិនហ៊ានបង្ហាញចរិតឈ្លានពានដូចធ្វើដាក់កម្ពុជា។ ទី១. សព្វាវុធរបស់កងទ័ពជើងគោក៖ យោធាភូមាប្រើរថក្រោះប្រយុទ្ធធុនធ្ងន់ T-55 និង T-72S របស់រុស្ស៊ី ព្រមទាំងរថក្រោះចិន Type 59D, Type 69-2 និងType 90-2។ សម្រាប់រថក្រោះធុនស្រាល យោធាភូមាប្រើ Type 63 របស់ចិន និង MMT 40 ដែលជាផលិតផលដំឡើងក្នុងស្រុក ដោយយកកាំភ្លើងធំរបស់អ៊ុយទៅបំពាក់លើតួខ្លួនរថក្រោះចិននេះផងដែរ។

ក្រៅពីនេះ ភូមាក៏នៅមានរថក្រោះវាយប្រហារ PTL 02 mod នាំចូលពីប្រទេសចិនផងដែរ រថក្រោះរបស់ភូមាសុទ្ធតែមានសមត្ថភាពប្រយុទ្ធខ្លាំងក្លា ឯកងទ័ពភូមាក៏មានឯកទេសលើការប្រើប្រាស់សម្ភារសឹកទាំងនេះបានយ៉ាងល្អផងដែរ។ ដោយឡែក សម្រាប់រថយន្តល្បាត និងរថយន្តស៊ើបការណ៍ យោធាភូមាប្រើប្រាស់រថយន្ត AML 90 របស់បារាំង, BRDM 2ms Mess របស់រុស្ស៊ី, E9 casavl របស់ប្រេស៊ីល និង MAV 1 ផលិតនៅក្នុងស្រុក។ សម្រាប់ការដឹកជញ្ជូនទ័ពទៅកាន់សមរភូមិ ដើម្បីប្រយុទ្ធ យោធាភូមា ប្រើប្រាស់រថពាសដែក BTR 3U និង MTLBMSH របស់អ៊ុយក្រែន។ ក្រៅពីនេះ យោធាភូមា ក៏នៅមានប្រើប្រាស់រថពាសដែកចិនដូចជា៖ ZSD85, ZSD90, ZSL92, ZFB05 និងរថពាសដែកផលិតក្នុងស្រុក គឺ B AAAC 87។ មិនត្រឹមតែប៉ុណ្ណោះ យោធាភូមា ក៏មានរថយន្តការពារមីនប្រភេទ Amir របស់អ៊ីស្រាអែល, រថពាសដែក M3 VTT របស់បារាំង និង MPV របស់ឥណ្ឌាដែរ ដែលសព្វាវុធទាំងនេះ មានអានុភាពខ្លាំងក្លាមិនចាញ់សព្វាវុធយោធាថៃឡើយ។

បើយើងនិយាយអំពីរថយន្តយុទ្ធសាស្ត្រ និងរថយន្តភស្តុភាកម្ម យោធាភូមា ប្រើប្រាស់រថយន្តផលិតក្នុងស្រុក Nongyo ជំនាន់ទី១, ទី២, ទី៣, និងទី៤, រថយន្តដំឡើងក្នុងស្រុក Inlay Tactical Jeep, រថយន្តកែច្នៃ និងដំឡើងក្នុងស្រុក Mazda Pathfinder 15-1, រថយន្ត Tata Safari Storm និងTata Xenon GS800 របស់ឥណ្ឌា, រថយន្ត Zhong xing Grand Tiger របស់ប្រទេសចិន។ រីឯរថយន្តដឹកជញ្ជូនយោធាធុនធ្ងន់ ភាគច្រើនមានប្រភពមកពីប្រទេសចិន មានដូចជា Sinotruk, Shaanxi SX2190, Dongfeng EQ2102, FAW CA141, FAW Jiefang CA1122J និងរថយន្ត KamAZ និងUral របស់រុស្ស៊ី ព្រមទាំងរថយន្តជប៉ុន Nissan Diesel។ រីឯគ្រឿងចក្រវិស្វកម្មយោធាភូមា ភាគច្រើនជារបស់ចិន និងសហភាពសូវៀត។ ជាក់ស្តែង រួមមាន រថពាសដែកដាក់ស្ពានចល័ត GQL 111 និងType 84 របស់ចិន និងMT55A របស់ស្លូវ៉ាគី, រថយន្តសង្គ្រោះពាសដែក Type 92, Type 93,និង Type 653 របស់ចិន និង BTS 4 របស់សហភាពសូវៀត ព្រមទាំងរថយន្តកម្ទេចមីន GSL130 របស់ចិន។

ចំណែកឯប្រព័ន្ធបាញ់រ៉ុក្កែត យោធាភូមា បានប្រើប្រាស់ប្រភេទធុនធ្ងន់ SY-400 របស់ចិន, M1985 របស់កូរ៉េខាងជើង, BM 21 Grad របស់ស្ស៊ី ដូចនឹងកម្ពុជាដែរ, Type 81, Type 90B, និងType 63 របស់ចិន និងប្រព័ន្ធបាញ់រ៉ុក្កែតកែច្នៃក្នុងស្រុក គឺ MAM-01។ ដោយឡែក កាំភ្លើងធំស្វ័យចល័ត រួមមាន Norinco SH1 របស់ចិន និង Nora B-52 របស់ស៊ែប៊ី។ កាំភ្លើងធំ មានប្រភពចម្រុះខ្លាំងដូចជា៖ KH179 របស់កូរ៉េខាងត្បូង, Soltam M845P របស់អ៊ីស្រាអែល, Type 59-1 របស់ចិន, D30M របស់រុស្ស៊ី, BL 5.5 inch និងOrdnance QF 25-pounder របស់ចក្រភពអង់គ្លេស, M 101 របស់អាម៉េរិក, Indian Field Gun របស់ឥណ្ឌា, M56 របស់អ៊ីតាលី និង M48 របស់យូហ្កោស្លាវី។ អ្វីដែលធ្វើឱ្យថៃញ៉ាកសាច់បំផុត និងញញើតមិនហ៊ានតទល់ជាមួយភូមានោះគឺ មីស៊ីលបាលីស្ទីក។ យោធាភូមា មានមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រប្រភេទ Hwasong-5 និងHwasong-6 ដែលនាំចូលពីកូរ៉េខាងជើង ព្រមទាំងមីស៊ីលប៉ាលីស្ទីក BP 12A និង M11 ពីប្រទេសចិន។

នៅលើផ្ទៃមេឃដ៏ខៀវស្រង៉ាត់នៃប្រទេសភូមា មិនមែនជាវាលលម្ហសម្រាប់យន្តហោះចម្បាំងថៃ អាចហោះបានតាមអំពើចិត្តនោះទេ! នោះក៏ព្រោះតែភូមាមានប្រព័ន្ធការពារអាកាស រ៉ាដាទំនើបៗ និងសាហាវៗជាច្រើន។ សម្រាប់ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ចម្ងាយជិត យោធាភូមា ប្រើកាំភ្លើងប្រឆាំងយន្តហោះ Type 87, Type 74, Type 59 របស់ប្រទេសចិន។ លើសពីនេះ យោធាភូមា ក៏មានប្រព័ន្ធការពារដែនអាកាសស្ពាយលើស្មា ឬMANPADS ប្រភេទ Igla-1E, Igla, Igla-S របស់រុស្ស៊ី និង HN5A របស់ចិន។ អ្វីដែលធ្វើឱ្យថៃកាន់តែខ្លបខ្លាចនោះ គឺប្រព័ន្ធមីស៊ីលការពារដែនអាកាសធុនធ្ងន់ រួមមាន៖ FK3 និងKS1s/KS1M របស់ចិន, S200 Dubna, Pechora 2M,Tor-M1, 2K22M, និងKub 2K12M2 របស់រុស្ស៊ី, Kvadrat-BM របស់បេឡារុស និងម៉ូដែលចាស់ៗ Bloodhound MK.2 របស់ចក្រភពអង់គ្លេស ព្រមទាំងប្រព័ន្ធការពារដែនអាកាសកែច្នៃក្នុងស្រុក MADV។ ដោយឡែក យោធាភូមាមានប្រព័ន្ធរ៉ាដាជាច្រើនប្រភេទដូចជា៖ YLC, JY, JLP, JLG, H200, TH5711 របស់ប្រទេសចិន និងប្រភេទ 1L17, P37, ST68, P18M, និង Fan Song របស់រុស្ស៊ី។

យើងងាកទៅមើលកងទ័ពជើងអាកាសវិញម្ដង៖ យោធាភូមា តែងតែសម្លៀងសមត្ថភាពជាលំដាប់ តាមរយៈការទិញយន្តហោះចម្បាំងទំនើបៗពីរុស្ស៊ី និងចិន។ ក្នុងនោះ យោធាភូមា មានបក្សីចម្បាំងស្លាបដែក Sukhoi Su-30 និង Mikoyan MiG-29 នាំចូលពីរុស្ស៊ី រួមទាំង JF-17 Thunder ដែលជាការអភិវឌ្ឍរួមគ្នាដោយប៉ាគីស្ថាន-ចិន ព្រមទាំងយន្តហោះចិនម៉ូដែល Chengdu J-7, Nanchang Q-5 និងយន្តហោះហ្វឹកហ្វឺនកម្រិតខ្ពស់ ដែលមានសមត្ថភាពចេញច្បាំងភ្លាមៗបាននោះគឺ Guizhou JL-9។ ក្រៅពីនេះ កងទ័ពអាកាសភូមា ក៏មានយន្តហោះដឹកជញ្ជូនជាច្រើនប្រភេទដូចជា៖ យន្តហោះដឹកជញ្ជូន ATR 42 របស់បារាំង, យន្តហោះ ATR 72 ដែលជាផលិតផលរួមរបស់បារាំង-អ៊ីតាលី, យន្តហោះ Beechcraft 1900 របស់សហរដ្ឋអាម៉េរិក, យន្តហោះ Britten-Norman BN-2 របស់អង់គ្លេស, Fokker 70 របស់ហូឡង់, Harbin Y-12 និង Shaanxi Y-8 របស់ចិន ព្រមទាំង Pilatus PC-6 របស់ប្រទេសស្វីស។

ក្រឡេកទៅមើលឧទ្ធម្ភាគចក្រវិញ យោធាភូមាប្រើប្រាស់ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-24 និងឧទ្ធម្ភាគចក្រដឹកជញ្ជូន Mil Mi-17 ព្រមទាំង Mil Mi-2 របស់រុស្ស៊ី។ ក្រៅពីនេះ ទ័ពអាកាសភូមាមានឧទ្ធម្ភាគចក្រ Alouette 3 របស់បារាំង, Bell 206 និង Bell UH-1 របស់សហរដ្ឋអាម៉េរិក, Kamov Ka-27 របស់អតីតសហភាពសូវៀត និង PZL W-3 Sokół របស់ប៉ូឡូញ។ រីឯយន្តហោះ និងឧទ្ធម្ភាគចក្រហ្វឹកហ្វឺនវិញ យោធាភូមាមាន៖ Yakovlev Yak-130 ផលិតនៅរុស្ស៊ី, Hongdu JL-8 និង Nanchang CJ-6 ផលិតនៅចិន, Pilatus PC-7 / PC-9 ផលិតនៅស្វីស, Eurocopter EC120 និង AS350 ផលិតនៅបារាំង, AMD Zodiac របស់សហរដ្ឋអាម៉េរិក, Diamond Dart របស់អូទ្រីស, Grob G 120TP របស់អាល្លឺម៉ង់, Soko G-4 របស់យូហ្កោស្លាវី និងម៉ូដែលផលិតក្នុងស្រុកគឺយន្តហោះក្បាលកង្ហារ MTX-1A/1B។ ចំណែកឯយន្តហោះគ្មានមនុស្សបើក ភាគច្រើនយោធាភូមានាំចូលពីប្រទេសចិន រួមមានដ្រូនវាយប្រហារ និងស៊ើបការណ៍ធុនធ្ងន់ដូចជា៖ CASC Rainbow CH-3A និង CH-4 ព្រមទាំងដ្រូនខ្នាតតូច Sky 02 និង Yellow Cat A2។ យោធាភូមា ក៏ប្រើប្រាស់ដ្រូនស៊ើបការណ៍ធុនស្រាល Elbit Skylark 1 ពីប្រទេសអ៊ីស្រាអែលផងដែរ។

ចំណែក កងទ័ពជើងទឹកវិញក៏មិនធម្មតាដែរ៖ មិនធម្មតាក៏ដោយសារតែកងទ័ពជើងទឹកភូមា មាននាវាចម្បាំងធំៗ ភាគច្រើនត្រូវបានរចនា និងដំឡើងនៅក្នុងស្រុកដោយខ្លួនឯង ពោលគឺគ្រាន់តែទិញប្រព័ន្ធរ៉ាដា ម៉ាស៊ីន និងមីស៊ីលពីប្រទេសចិន រុស្ស៊ី និងឥណ្ឌាមកបំពាក់បន្ថែមតែប៉ុណ្ណោះ។ គួរកត់សម្គាល់ថា ភូមាមាននាវាមុជទឹក២គ្រឿង នោះគឺនាវាមុជទឹកវាយប្រហារ Kilo class ទិញពីរុស្ស៊ី និងនាវាមុជទឹក Type 035 Ming class ទិញពីប្រទេសចិន។ សម្រាប់នាវាចុះចតខ្នាតយក្ស ភូមាមាននាវា Makassar class ដែលរចនាដោយកូរ៉េខាងត្បូង និងដំឡើងនៅឥណ្ឌូណេស៊ី។ សម្រាប់នាវាប្រយុទ្ធខ្នាតធំវិញ ភូមាមាននាវាចម្បាំងផលិតក្នុងស្រុក Aung Zeya class និង Kyan Sittha class។ ក្រៅពីនេះ កងទ័ពជើងទឹកភូមា ក៏មាននាវាចិន Type 053H1 Jianghu-II class និងនាវាប្រយុទ្ធធុនស្រាល Anawrahta class ផលិតក្នុងស្រុកផងដែរ។

រីឯ នាវាពាំគ្រាប់មីស៊ីលវាយប្រហារល្បឿនលឿន ជានាវាបែបបំបាំងកាយរួមមាន៖ 49m Stealth និង 5 Series class ផលិតក្នុងស្រុកទាំងអស់ ព្រមទាំង Huxin class នាំចូលពីប្រទេសចិន។ ក្រៅពីនេះ នាវាប្រមាញ់នាវាមុជទឹក មានប្រភេទ Yan Naing class ផលិតផលក្នុងស្រុក និង Hainan class ផលិតដោយចិន។ សម្រាប់ នាវាល្បាតឆ្នេរឆ្ងាយ រួមមាន៖ នាវា Inlay class និង Torpedo T201 ផលិតក្នុងស្រុក, និង Osprey 50 class ផលិតដោយដាណឺម៉ា។ មិនតែប៉ុណ្ណោះ យោធាភូមាន ក៏មាននាវារាវមីនចាស់ៗដូចជា PCE842 class និង Admirable class នាំចូលពីសហរដ្ឋអាម៉េរិក តាំងពីក្រោយសម័យសង្គ្រាមលោក។ ចំណែកឯនាវាជួយសង្គ្រោះ Thanwin និងនាវា Seikkyi Zun រួមទាំងនាវាដឹកជញ្ជូនយោធា, នាវាចុះចតលើឆ្នេរ និងនាវាដឹកប្រេងតាមឆ្នេរ គឺសុទ្ធសឹងតែត្រូវបានផលិតនៅក្នុងស្រុកស្ទើរតែទាំងអស់។

សូមកត់សម្គាល់ថា ការរក្សាភាពស្ងៀមស្ងាត់ និងការបន្ទន់ឥរិយាបថរបស់កងទ័ពភូមិន្ទថៃ ចំពោះកងទ័ពភូមា មិនមែនជារឿងចៃដន្យឡើយ។ មិនចៃដន្យក៏នៅត្រង់ថា ថ្វីបើភូមារអិលជើងចូលក្នុងវិបត្តិសង្គ្រាមស៊ីវិល និងបញ្ហាផ្ទៃក្នុងដ៏រ៉ាំរ៉ៃក៏ដោយ ក៏ថៃមិនហ៊ានហើបមាត់ ផ្គើន និងព្រហើនកោងកាចដាក់ភូមាដែរ ព្រោះថៃដឹងក្នុងចិត្តច្បាស់ថា អំណាចយោធាភូមា ខ្លាំង! គឺខ្លាំងប្រហាក់ប្រហែលខ្លួន ឬអាចលើស។ អ្វីដែលធ្វើឱ្យថៃបន្ទន់ឥរិយាបថចំពោះភូមានោះគឺ អំណាចឃ្លាំងមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ ប្រព័ន្ធការពាររអាកាសសាហាវៗ រ៉ាដា នាវាមុជទឹក នាវាចម្បាំងធំៗ និងសមត្ថភាពមិនធម្មតាលើការផលិតគ្រឿងសឹកក្នុងស្រុកដោយខ្លួនឯង របស់យោធាតាត់ម៉ាដាវ គឺជាសក្ខីកម្មយ៉ាងច្បាស់ដែលបញ្ជាក់ពីឧត្តមភាពរបស់យោធាភូមា ហើយក៏ស-បញ្ជាក់ឱ្យឃើញថា ថៃគ្រាន់តែជា«ខ្លាក្រដាសមួយក្បាល» គ្រហឹមគំរាម និងឈ្លានពានបានតែលើកម្ពុជា ដែលជារដ្ឋទន់ខ្សោយ ត្រូវការតែសន្តិភាពប៉ុណ្ណោះ ពោលគឺមិនហ៊ានប្រឈមផ្ទាល់មុខជាមួយយោធាភូមាឡើយ បើទោះបីជាសន្តិសុខតាមព្រំដែនថៃ-ភូមា កម្រើកឡើងឡើង រហូតដ្រូនយោធាភូមាធ្លាក់ក្នុងដីថៃសម្លាប់ពលរដ្ឋស្លូតត្រង់អស់៣នាក់ កាលពីប៉ុន្មានថ្ងៃមុន ក៏យោធាថៃ បានត្រឹមចុះទៅពិនិត្យធម្មតាៗ មិនហ៊ានគ្រហែមដាក់ភូមាឡើយ៕





