
ក្រុងសិរីសោភ័ណ៖ អាជ្ញាធរស្រុកម៉ាឡៃ បានបង្ក្រាបករណីជួញដូរ និងលួចនាំចូលសត្វព្រៃឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ឃាត់ខ្លួនមនុស្ស៥នាក់ ព្រមទាំងរឹបអូសសត្វស្វាបានចំនួន២២ក្បាល កាលពីយប់ថ្ងៃទី២៧កក្កដា ឆ្នាំ២០២៦...។

សកម្មភាពនៃការបង្ក្រាបនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក រួមទាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកផងដែរ ដែលបានចេញល្បាតតាមបន្ទាត់ព្រំដែន ក៏ប្រទះឃើញរថយន្តនិងម៉ូតូសង្ស័យចំនួន៤គ្រឿងចេញពីគោលដៅព្រំដែន។ បន្ទាប់ពីការឃាត់ត្រួតពិនិត្យ ទើបដឹងថា ក្រុមជនជាតិខ្មែរទាំងនោះលួចដឹកសត្វស្វានាំចូលពីប្រទេសថៃ ទើបអាជ្ញាធរចម្រុះឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នោះតែម្ដង។

យ៉ាងណា បន្ទាប់ពីធ្វើការសាកសួរ និងកត់កំណត់ហេតុរួច នៅចំពោះមុខសមត្ថកិច្ចក្រុមជនល្មើស បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលបលួចដឹកសត្វស្វានាំចូលពីប្រទេសថៃចំនួន២០ក្បាលប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កសាងសំណុំរឿង និងបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់ជាធរមាន៕




