
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. បានបញ្ជាក់ថា លោកកំពុងមានផែនការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា…។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. បានជម្រាបជូនសម្តេចធិបតី ដូច្នេះថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា។ លោកបានលើកឡើងពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន។ ការពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា ដោយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ។ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា បញ្ជាក់បន្ថែម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea Mitsumi Inc.។ សម្ដេចគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន ក៏ជាជោគជ័យរបស់កម្ពុជាដែរ។ សម្ដេចធិបតី មានប្រសាសន៍ប្រាប់ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ជុំវិញការពង្រីកវិនិយោគ សម្តេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងស្វែងរកដៃគូសក្តានុពលក្នុងស្រុក ព្រមទាំងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗ ក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕



