
រាជធានីភ្នំពេញ៖ សហរដ្ឋអាម៉េរិក រៀបចំថវិកាមួយកញ្ចប់ធំ ទុកចំណាយលើគម្រោង ឬកម្មវិធីសំខាន់ៗមួយចំនួនរបស់ខ្លួន រួមមាន កម្មវិធីបង្កើនការបណ្តុះបណ្តាលយោធាអន្តរជាតិ, កម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខថាមពល, កម្មវិធីដោះមីន ជាដើម។ ក្នុងកម្មវិធីទាំង៣នេះ សុទ្ធតែមានឈ្មោះកម្ពុជា។ ក្រសួងការបរទេសអាម៉េរិក បានបង្ហោះកម្មវិធីទាំងនេះលើគេហទំព័រខ្លួន (វេបសាយ) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ហើយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ទើបចែករំលែកបន្តលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកក្កដា។

កម្មវិធីបង្កើនការបណ្តុះបណ្តាលយោធាអន្តរជាតិ (Increasing International Military Education and Training-IMET)៖ តាមរយៈកម្មវិធីនេះ អាម៉េរិកបានផ្តល់ប្រាក់ជាង២១លានដុល្លារ ដើម្បីបង្កើនការអប់រំ និងការបណ្តុះបណ្តាលយោធាតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ អាម៉េរិក បង្ហាញឈ្មោះចំៗថា ប្រទេសដែលអាម៉េរិក នឹងចាប់ផ្តើមអនុវត្តកម្មវិធីបណ្តុះបណ្តាលយោធានេះ គឺប្រ៊ុយណេ ហើយបន្ទាប់មក គឺកម្ពុជា។ អាម៉េរិក គ្រាន់តែប្រើពាក្យថា កម្មវិធីបណ្តុះបណ្តាលយោធា ឬ IMET នឹងត្រូវអនុវត្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន តែពុំបានបញ្ចេញឈ្មោះប្រទេសថៃឱ្យចំឡើយ។ ដូច្នេះ គេមិនដឹងថា អាម៉េរិក នឹងអនុវត្តកម្មវិធីដ៏សំខាន់នេះ ជាមួយថៃដែរ ឬក៏អត់នោះទេ។ ចំពោះទំនាក់ទំនងយោធាកម្ពុជា-អាម៉េរិក ហាក់មានភាពស៊ីចង្វាក់គ្នាក្នុងរយៈពេលចុងក្រោយនេះ ដោយភាគីទាំង២ សម្រេចរួមគ្នាធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ នៅដើមឆ្នាំ២០២៧ ក្រោយខកខានអស់ជិត១០ឆ្នាំ។

កម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល និងសន្តិសុខថាមពល (Advancing Energy Infrastructure and Energy Security)៖ រដ្ឋាភិបាលអាម៉េរិក កំពុងធ្វើការជាមួយសភា ដោយមានបំណងផ្តល់ប្រាក់ចំនួន៥លានដុល្លារ ដើម្បីអភិវឌ្ឍទីផ្សារថាមពលក្នុងតំបន់ ទីផ្សារឧស្ម័នធម្មជាតិរាវ (LNG) ដាក់ពង្រាយបណ្តាញបច្ចេកវិទ្យាផ្នែកអគ្គិសនីរបស់អាម៉េរិក ពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងពង្រឹងពាណិជ្ជកម្មផ្នែកអគ្គិសនីឆ្លងព្រំដែន នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន កម្ពុជា ឡាវ វៀតណាម និងថៃ។ ចំពោះកម្មវិធីនេះ គឺមានឈ្មោះថៃ។

កម្មវិធីដោះមីន (Safely Demining the Region)៖ កម្មវិធីនេះ ចំណាយលុយអស់ច្រើនជាងគេ។ តាមរយៈកម្មវិធីនេះ អាម៉េរិក ផ្តល់ថវិកាដល់ទៅជាង១៣០លានដុល្លារ ដើម្បីបន្តដោះមីន និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងប្រទេសចំនួន៣ គឺកម្ពុជា ឡាវ និងវៀតណាម។ កម្មវិធីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អាម៉េរិក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកម្ចាត់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសង្រ្គាម។ កម្មវិធីនេះ ក៏គ្មានឈ្មោះថៃដែរ៕



