
រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល១ឆមាស ឆ្នាំ២០២៦ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញរថយន្តជិត៥០ម៉ឺនគ្រឿង លួចដឹកជញ្ជូនលើសទម្ងន់កំណត់ កើនឡើងប្រមាណ២៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន...។

ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញរបាយការណ៍នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ មន្ត្រីជំនាញបញ្ជាក់ថា មានរថយន្តដឹកជញ្ជូនជាង១លាន៨៧ម៉ឺនគ្រឿង ត្រូវបានឃាត់ត្រួតពិនិត្យ ក្នុងនោះរកឃើញរថយន្តផ្ទុកលើសកម្រិតអនុគ្រោះចំនួនជាង៤៩ម៉ឺនគ្រឿង ហើយត្រូវពិន័យចំនួន១០៦៧គ្រឿង។ ក្រសួងអះអាងថា តួលេខនេះ មានការកើនឡើង២៦ភាគរយ បើធៀបទៅនឹងចំនួនរថយន្តពិន័យនៅឆមាសទី១ ក្នុងឆ្នាំ២០២៥។

ឆ្លើយតបបញ្ហាខាងលើ លោក សេង ឈួន អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ និងថែរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមគ្នា លោកបានណែនាំឱ្យក្រុមការងាររៀបចំនីតិវិធី និងបែបបទបច្ចេកទេសឱ្យបានឆាប់រហ័ស ដើម្បីអនុវត្តច្បាប់ថ្មីប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទាំងត្រៀមការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ដែលទើបចូលជាធរមាន។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានគោលបំណងរឹតបន្តឹងការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់ ធានាសុវត្ថិភាពចរាចរណ៍ និងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយចីរភាព៕





