
ក្រុងប៉ោយប៉ែត៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨កក្កដានេះ...។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេបានឮស្នូរគ្រាប់កាំភ្លើងផ្ទុះឡើង២ទៅ៣គ្រាប់ ហើយអ្នកភូមិក៏ផ្អើលឆោឡោនាំគ្នាចេញមកមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ក្បែរម៉ូតូមួយគ្រឿង។ ភ្លាមៗ..ប្រជាពលរដ្ឋ បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកកាន់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ យ៉ាងណា តាមរយៈការត្រួតពិនិត្យបឋមរបស់កម្លាំងសមត្ថកិច្ចជំនាញរកឃើញថា បុរសរងគ្រោះជាជនជាតិឥណ្ឌូណេស៊ី មានអាយុប្រមាណជាង៣០ឆ្នាំ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចសម្រេចយកទៅតម្កល់ទុកនៅវត្តដើម្បីអនុវត្តនីតិវិធិបន្ត និងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ជុំវិញអំពើឃាតកម្មខាងលើនេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ថា ពេលនេះ កម្លាំងជំនាញ បាននិងកំពុងពិនិត្យនៅកន្លែងកើតហេតុ ស្វែងរកតម្រុយរបស់ខ្មាន់កាំភ្លើង ដើម្បីចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕



