
រាជធានីតូក្យូ៖ កាសែតចិន South China Morning Post បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ថា រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តបង្កើត«ការិយាល័យកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិថ្មីមួយ» ដែលជាការកែទម្រង់រចនាសម្ព័ន្ធក្រសួងការពារជាតិលើកដំបូងបង្អស់ក្នុងរយៈពេល២០ឆ្នាំមកនេះ ដោយគិតចាប់តាំងពីឆ្នាំ២០០៧មក។ ការិយាល័យថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើង ក្រោយមានកិច្ចព្រមព្រៀងផ្តល់ជំនួយយោធាតម្លៃ៥០០លានយ៉េន (ឬប្រមាណ៣លានដុល្លារអាម៉េរិក) របស់ជប៉ុន មកដល់កម្ពុជា កាលពីពេលថ្មីៗនេះ។

ការិយាល័យថ្មី នឹងក្លាយជាស្ពានក្នុងការគ្រប់គ្រង និងការសម្របសម្រួលកម្មវិធីជំនួយសន្តិសុខជប៉ុន (OSA) ជាមួយកម្ពុជា រួមទាំងប្រទេសដៃគូឱ្យមានប្រសិទ្ធភាពជាងមុន។ លើសពីនេះ ការិយាល័យថ្មី នឹងជួយសម្របសម្រួលការធ្វើសមយុទ្ធ និងការផ្លាស់ប្ដូរបទពិសោធយោធារវាងកងទ័ពស្វ័យការពារជប៉ុន (SDF) ជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា រួមទាំងការចរចាកិច្ចព្រមព្រៀងសន្តិសុខបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Shinjiro Koizumi) បានប្រកាសថា បន្ទុកការងាររបស់ក្រសួងការពារជាតិបានដល់កម្រិតកំណត់ ដែលមិនអាចទ្រាំទ្របានទៀតឡើយ។ បច្ចុប្បន្ន កិច្ចការសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលជំនួយយោធា ដូចជាករណីកម្ពុជា ត្រូវបែងចែកទៅក្នុងនាយកដ្ឋានគោលនយោបាយការពារជាតិ ដែលត្រូវទទួលបន្ទុកទាំងកិច្ចការប្រមូលព័ត៌មានសម្ងាត់ និងការវិភាគយុទ្ធសាស្ត្រក្នុងពេលតែមួយ។

គួររំឭកថា កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក យូអ៊ីណូ អាតស៊ូស៊ី (Ueno Atsushi) និងឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានចុះហត្ថលេខាលើឯកសារស្តីពីការផ្ដល់នាវាល្បាតនិងឧបករណ៍ទំនាក់ទំនងជូនដល់កងទ័ពកម្ពុជា។ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅតំបន់ឥណ្ឌូចិន ដែលទទួលបានការគាំទ្រក្រោមកម្មវិធីជំនួយសន្តិសុខផ្លូវការ (OSA) របស់ជប៉ុន។ កម្មវិធី OSA នេះ គឺជាឧបករណ៍យុទ្ធសាស្ត្រថ្មីរបស់ជប៉ុន ក្នុងការផ្ដល់បរិក្ខារសន្តិសុខ ដែលមិនមែនជាអាវុធប្រហារទៅកាន់បណ្តាប្រទេសដៃគូ ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ទ និងរក្សាស្ថិរភាពតំបន់៕



