នាវាចម្បាំងចិន ធ្វើសមយុទ្ធបា.ញ់គ្រា.ប់ពិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន
ហៀប ស៊ីថេត
8 ម៉ោងមុន

រាជធានីតូក្យូ៖ អគ្គបញ្ជាការជប៉ុនបានថ្លែងកាលពីថ្ងៃអង្គារទី២០ ខែកក្កដា ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹកភាគនិរតីនៃកោះដាច់ស្រយាល អូគីណូតូរី (Okinotori) របស់ជប៉ុន ខណៈកងទ័ពជើងទឹកចិន កំពុងប្រតិបត្តិការរួមគ្នាជាមួយនាវាជើងទឹករុស្ស៊ី..។

កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានប្រទះឃើញនាវាចិនចំនួន៣គ្រឿង រួមមាន នាវាពិឃាតប្រភេទរ៉េនហៃ (Renhai), នាវាពិឃាតប្រភេទលូយ៉ាង៣ (Luyang III), នាវាផ្គត់ផ្គង់ប្រភេទហ្វូឈី (Fuchi), និងនាវារុស្ស៊ី១គ្រឿង ប្រភេទស្ទេរេហ្គូសឈី (Steregushchiy)។ ក្រុមនាវាទាំងនេះបានបើកបរនៅភាគនិរតីនៃកោះអូគីណូតូរី (Okinotori) នៅវេលាម៉ោងប្រហែល២យប់ឈានចូលថ្ងៃទី១៩ ខែកក្កដា។ កងទ័ពជប៉ុនអះអាងថា នាវាពិឃាតប្រភេទលូយ៉ាង៣របស់ចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ នៅភាគនិរតីនៃកោះនេះ។

អ្នកនាំពាក្យនៃអគ្គបញ្ជាការជប៉ុនបានគូសបញ្ជាក់ថា ៖«នេះជាលើកដំបូងហើយ ដែលជប៉ុនបានបង្ហាញព័ត៌មានជាសាធារណៈអំពីសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន»។ យោងតាមសេចក្ដីថ្លែងការណ៍ នាវាទាំងនោះគឺជាក្រុមនាវាដដែលបានធ្វើដំណើរឆ្ពោះទៅទិសខាងត្បូងឆ្លងកាត់ដែនទឹករវាងកោះអូគីណាវ៉ា និងកោះមីយ៉ាកូ (Miyako) កាលពីថ្ងៃទី ១៦ខែកក្កដា។ ក្រសួងការពារជាតិជប៉ុនបន្តថា នាវាពិឃាតរបស់ខ្លួនបានតាមដាននាវាទាំងនោះយ៉ាងយកចិត្តទុកដាក់ និងប្រមូលព័ត៌មានសម្ងាត់អំពីសកម្មភាពរបស់ពួកគេ។

យ៉ាងណា ចិនបានបដិសេធ និងតវ៉ាចំពោះការទាមទាររបស់ជប៉ុនដែលថា ដែនទឹកជុំវិញកោះអូគីណូតូរី គឺជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ដោយចិនបានអះអាងថា ទីនោះមិនមែនជាកោះពិតប្រាកដឡើយ។ សូមជម្រាបថា ចិន និងរុស្ស៊ីបានបង្កើនប្រតិបត្តិការយោធារួមគ្នានៅលើអាកាស និងផ្លូវទឹកជុំវិញប្រទេសជប៉ុននាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យរាជធាតូក្យូបង្កើនការតាមដាន និងពង្រឹងការការពារខ្លួននៅតាមខ្សែច្រវាក់កោះភាគនិរតី ចំពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត