
កោះអ៊ីស៊ីហ្កាគី៖ ព្យុះកំណាចដ៏ធំ និងមានឥទ្ធិពលមួយបានខិតជិតទៅដល់ប្រជុំកោះដាច់ស្រយាលមួយនៅភាគនិរតីនៃប្រទេសជប៉ុននៅថ្ងៃសុក្រទី១០ ខែកក្កដា ដែលជំរុញឱ្យអាជ្ញាធរចេញសេចក្តីព្រមានពីខ្យល់បោកបក់ ភ្លៀងធ្លាក់ខ្លាំង ការបាក់ស្រុតដី និងការជន់លិច ខណៈនេះគឺជាព្យុះបំផ្លិចបំផ្លាញបំផុតនៅក្នុងតំបន់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

យោងតាមអាជ្ញាធរឧតុនិយម ព្យុះទីហ្វុងបាវី (Bavi) អាចនឹងបោកបក់កាត់កៀកបំផុតទៅនឹងកោះសាគីស៊ីម៉ា (Sakishima) របស់ជប៉ុន ដែលជាខ្សែសង្វាក់កោះដាច់ស្រយាលក្បែរកោះតៃវ៉ាន់ និងជាផ្នែកមួយនៃខេត្តអូគីណាវ៉ា (Okinawa) នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកក្កដា។ ល្បឿនខ្យល់បក់អតិបរមាមានកម្រិតដល់ទៅ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រជាពលរដ្ឋក្នុងតំបន់នៅលើកោះអ៊ីស៊ីហ្កាគី ដែលជាកោះមួយក្នុងចំណោមកោះទាំងនោះ កំពុងនាំគ្នាយកស្កុតមកបិទកញ្ចក់បង្អួច និងរៀបចំចងសំណាញ់ការពារខ្យល់កាត់តាមផ្ទះសម្បែង និងហាងទំនិញរបស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលជើងហោះហើររាប់សិបជើងនៅក្នុងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានអះអាងថា ខ្លួនបានលុបចោលជើងហោះហើរច្រើនជាង១០០ជើង ដែលប៉ះពាល់ដល់អ្នកដំណើរជិត២ម៉ឺននាក់។ ចំណែកក្រុមហ៊ុនគូប្រជែង All Nippon Airways បានលុបចោលជើងហោះហើរជាង១៦០ជើង ដោយរំខានដល់ការធ្វើដំណើររបស់មនុស្សប្រហែល២ម៉ឺននាក់ដូចគ្នា។ រីឯអគារជិត៩០០ខ្នងនៅក្នុងខេត្តអូគីណាវ៉ា បានរងការដាច់ចរន្តអគ្គិសនី។

សូមជម្រាបថា នៅលើកោះអ៊ីស៊ីហ្កាគី ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ប្រជាពលរដ្ឋបាននាំគ្នាស្តុកទុកស្បៀងអាហារ ដោយបានទិញមីកញ្ចប់អស់ពីធ្នើរនៅតាមផ្សារទំនើបក្នុងស្រុក។ ឆ្នេរខ្សាច់សាធារណៈមួយចំនួន ឧទ្យានមាត់សមុទ្ទ និងកំពង់ផែសាឡាងក្នុងស្រុក ត្រូវបានមើលឃើញថាបិទទ្វារ៕



