តស់..មកដឹងស្នាដៃធំៗទាំង១០របស់ក្រុមកីឡាបាល់ទះកម្ពុជា សម្រេចបានត្រឹមរយៈពេល៥ឆ្នាំ

រាជធានីភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតដណ្តើមពានជើងឯក SEA V-CUP លើកទី៦ ជុំទី១ នៅប្រទេសហ្វីលីពីន ទទួលបានចំណាត់ថ្នាក់លេខ១ និងបន្តដំណើរទៅប្រកួតដណ្តើមពានជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៤ ពេលនេះ ក្រុមអត្តពលិកកីឡាបាល់ទះកម្ពុជា អាចនឹងទទួលបានឱកាសឡើងទៅលេងពាន AVC Cup 2027 នាពេលខាងមុខ។ យ៉ាងណា យើងមកដឹងពីស្នារដៃធំៗទាំង១០ របស់ក្រុមអត្តពលិកកីឡាបាល់ទះកម្ពុជាធ្វើបានយ៉ាងល្អ ចាប់ពីឆ្នាំ២០២២ ដល់២០២៦ នាអណត្តិទី៦ នេះជាមុនសិន...។

ម្ចាស់ជើងឯក SEA V-CUP លើកទី៦ ជុំទី១ កម្ពុជា និងជុំទី២ វៀតណាម
ម្ចាស់ជើងឯក SEA V-CUP លើកទី៦ ជុំទី១ កម្ពុជា និងជុំទី២ វៀតណាម

នៅឆ្នាំ២០២២ ក្រុមអត្តពលិកកីឡាបាល់ទះកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាម (Bronze Medal Sea-games 31st Vietnam 2022) ដែលជាមេដាយបើកទំព័រប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទះកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់លើឆាកអន្តរជាតិ។ នៅឆ្នាំ២០២២ ដដែល ក្រុមបាល់ទះកម្ពុជា ដណ្តើមបានជើងឯករងពីព្រឹត្តិការណ៍ (Tri-Nation Cup Malaysia 2022)។ ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយប្រាក់ពីព្រឹត្តឹការណ៍នោះ ដែលជាមេដាយថ្មីបំបែកកំណត់ត្រា កាលពីស៊ីហ្គេមនៅប្រទេសវៀតណាម (Silver Medal Sea-games 32st Cambodia 2023)។

ស្នាដៃទី៤ នោះគឺព្រឹត្តិការណ៍ប្រកួតបាល់ទះអន្តរជាតិ Joho Cup ឆ្នាំ២០២៣ ដោយក្រុមអត្តពលិកបាល់ទះកម្ពុជា ដណ្តើមបានចំណាត់ថ្នាក់ទី៣ ឬ(3th place Joho Cup 2023)។ ស្នាដៃទី៥ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជើងឯកពីព្រឹត្តឹការណ៍ប្រកួតបាល់ទះអន្តរជាតិ នៅកោះតៃវ៉ាន់ ឆ្នាំ២០២៤ ឬ(Champion International Invitation Cup 2024 Taiwan 2024)។ ស្នាដៃទី៦ ការដណ្តើមបានពានជើងឯក SEA V League Challenge នៅឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ ស្នាដៃទី៧ ដណ្តើមបានចំណាត់ថ្នាក់លេខ៤ ពីព្រឹត្តិការណ៍ប្រកួតបាល់ទះអន្តរជាតិ (International Invitation Cup 2025) និងមានឈ្មោះនៅក្នុងចំណាត់ថ្នាក់ FIVB Men's Volleyball World ranking 2025 ផងដែរ។

ចំណែកស្នាដៃទី៩ នោះគឺការដណ្តើមបានពានជើងឯក Sea V Cup 2026 ជើងទី១ នៅ Candon ប្រទេសហ្វីលីពីន និងស្នាដៃចុងក្រោយ ដណ្តើមបានចំណាត់ថ្នាក់លេខ៤ នៃការប្រកួតជើងទី២ ពាន Sea V Cup 2026 នៅប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់ពីលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ កំលុងពេលនៃការប្រកួត លោកអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រក្រុមអត្តពលិកបាល់ទះជម្រើសជាតិកម្ពុជា ដោយលោកយ៉ាងដូច្នេះថា៖«តំណាងឱ្យអត្តពលិកកីឡាបាល់ទះកម្ពុជា ខ្ញុំសូមគោរពអរគុណដល់បងប្អូនជនរួមជាតិកម្ពុជា ដែលមកសាទរគាំទ្រលើកទឹកចិត្តពួកយើងខ្ញុំនៅទីតាំងប្រកួត និងការផ្សាយបន្តផ្ទាល់ ពួកយើងខ្ញុំសូមសន្យានឹងយកឆន្ទៈបេះដូងមកធ្វើការប្រគួត ដណ្តើមមេដាយសំរិទ្ធដើម្បីផ្តល់ស្នាមញញឺមជូនជាតិ និងប្រជាជនកម្ពុជាសាជាថ្មី…!»

ទោះជាយ៉ាងណា ប្រជាជនកម្ពុជារស់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់រាជធានីរាប់រយនាក់ បាននាំគ្នាចូលរួមដង្ហែពាន Sea V Cup 2026 (1st Leg) ដែលក្រុមអត្តពលិកបាល់ទះកម្ពុជា ដណ្តើមបាន ចេញពីព្រលានយន្តហោះអន្តរជាតិមរតកតេជោ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ក្រោមវត្តមានលោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងថ្នាក់ដឹកនាំដទៃទៀត រួមទាំងម្ចាស់ឧបត្ថម្ភគាំទ្រធំ បានទៅបំពាក់កម្រងផ្កាជូនដល់ប្រតិភូកីឡា និងក្រុមកីឡាករជម្រើសជាតិកម្ពុជាដល់អាកាសយានដ្ឋានផងដែរ។ សូមជម្រាបថា នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមបាល់ទះជម្រើសជាតិ(ក្រុមបុរស) កម្ពុជា ដែលបានអភិវឌ្ឍខ្លួនយ៉ាងលឿនស្លេវ ដោយដណ្តើមបានមេដាយជូនជាតិជាបន្តបន្ទាប់ ខុសពីក្រុមបាល់ទាត់ជម្រើសជាតិ(ក្រុមបុរស) ដែលបាននិងកំពុងធ្លាក់ទម្រង់ប្រកួតយ៉ាងខ្លាំង និងរងបរាជ័យញឹកញាប់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត