តៃវ៉ាន់ក្ដៅស្លឹកត្រចៀកដាក់ថៃ ក្រោយប្រកាសគាំទ្រចិន រំលោភលើអធិបតេយ្យភាពខ្លួន
ហៀប ស៊ីថេត
17 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ក្រសួងការបរទេសតៃវ៉ាន់ បានក្ដៅស្លឹកត្រចៀកជាខ្លាំង និងចេញមុខបដិសេធសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល និងមេដឹកនាំចិន លោក ស៊ី ជីនពីង រឿងរាជធានីបាងកក ប្រកាសគាំទ្រលើការអះអាងរបស់រដ្ឋធានីប៉េកាំង ដែលថា «តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន»។

លោក អនុទីន ឆានវីរគុល (ឆ្វេង) និងលោក ស៊ី ជីនពីង
លោក អនុទីន ឆានវីរគុល (ឆ្វេង) និងលោក ស៊ី ជីនពីង

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជាឡុង (Lin Chia-lung) បានប្រតិកម្មថា តៃវ៉ាន់ប្រឆាំងដាច់ខាតចំពោះការដែលចិនប្រើប្រាស់ជំនួបអន្តរជាតិ យកតៃវ៉ាន់ជាប្រធានបទ។ លោកក៏បានសម្ដែងការសោកស្ដាយ និងខឹងសម្បារផងដែរ ដែលប្រទេសថៃ បានយល់ព្រមទទួលយកជំហររបស់រដ្ឋធានីប៉េកាំងបែបនេះ។ សេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា ប្រទេសថៃ គាំទ្រគោលនយោបាយ«ប្រទេសមួយ ប្រព័ន្ធពីរ» របស់រដ្ឋធានីប៉េកាំង។ ក្រសួងការបរទេសតៃវ៉ាន់ បានបដិសេធការប្រកាសបែបនេះ ជាការមិនពិត និងបានរំលោភលើអធិបតេយ្យភាពរបស់តៃវ៉ាន់។

លោក លីន ជាឡុង
លោក លីន ជាឡុង

ក្រសួងការបរទេសតៃវ៉ាន់ បានគូសបញ្ជាក់ថា តៃវ៉ាន់ជារដ្ឋអធិបតេយ្យ និងឯករាជ្យ ហើយតៃវ៉ាន់ និងចិន មិនស្ថិតនៅក្រោមចំណុះគ្នានោះឡើយ។ លើសពីនេះ ក្រសួងដដែលបានចោទប្រកាន់រដ្ឋធានីប៉េកាំង ថា បានប្រើប្រាស់សេចក្តីថ្លែងការណ៍រួម ជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីផ្សព្វផ្សាយការអះអាងមិនពិត និងព្យាយាមផ្លាស់ប្ដូរស្ថានភាពដើមនៅតំបន់ច្រកសមុទ្ទតៃវ៉ាន់។ ជាចុងក្រោយ តៃវ៉ាន់បានបន្តអំពាវនាវឱ្យប្រទេសថៃ យល់តម្លៃនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំង២ និងបញ្ឈប់ជាបន្ទាន់នូវការគាំទ្រដល់ការដាក់សម្ពាធរបស់ចិន ទៅលើកូនកោះតៃវ៉ាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត