
ទីក្រុងតៃប៉ិ៖ លោកប្រធានាធិបតីកោះតៃវ៉ាន់ ឡៃ ឈីងតេ (Lai Ching-te) បានអំពាវនាវឱ្យប្រជាជន និងសមាជិកបក្សរបស់លោក រួមសាមគ្គីគ្នាប្រឆាំងនឹងការគំរាមកំហែងពីរដ្ឋធានីប៉េកាំង និងការពារសេរីភាពរបស់តៃវ៉ាន់ ដើម្បីកុំឱ្យកោះនេះធ្លាក់ក្រោមការគ្រប់គ្រងរបស់ស្តេចនាគរាជចិន...។

ថ្លែងនៅក្នុងជំនួបបក្សកាន់អំណាច លោក ឡៃ បានព្រមានថា កោះតៃវ៉ាន់ ត្រូវប្រុងប្រយ័ត្នចំពោះ «សង្គ្រាមផ្លូវច្បាប់» របស់ចិន ដែលព្យាយាមបង្កើតច្បាប់ផ្សេងៗ ដើម្បីចោទប្រកាន់ ឬចាប់ខ្លួនប្រជាជនតៃវ៉ាន់ណា ដែលប្រឆាំងនឹងចិន។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«យើងត្រូវតែរួមគ្នាការពារប្រជាធិបតេយ្យ និងសេរីភាព ហើយដាច់ខាតមិនត្រូវបណ្តោយឱ្យ"តៃវ៉ាន់ប្រជាធិបតេយ្យ"ក្លាយជា"តៃវ៉ាន់របស់ចិន"នោះឡើយ»។

មេដឹកនាំកោះតៃវ៉ាន់រូបនេះ ក៏បានរំឭកឡើងវិញនូវជំហរដ៏រឹងមាំថា តៃវ៉ាន់ គឺជាប្រទេសឯករាជ្យមួយរួចទៅហើយ និងមានឈ្មោះផ្លូវការតាមរដ្ឋធម្មនុញ្ញគឺ«សាធារណរដ្ឋចិន» (Republic of China) ហើយមិនស្ថិតនៅក្រោមឱវាទរបស់«សាធារណរដ្ឋប្រជាមានិតចិន» (People's Republic of China) ឬរដ្ឋាភិបាលចិននោះទេ។ លោកបានបន្ថែមថា អនាគតរបស់តៃវ៉ាន់ ត្រូវតែសម្រេចដោយប្រជាពលរដ្ឋតៃវ៉ាន់ទាំង២៣លាននាក់ដោយផ្ទាល់ ហើយលទ្ធិប្រជាធិបតេយ្យមិនមែនជាចំណុចខ្សោយនោះទេ ប៉ុន្តែវាជាកម្លាំងដ៏រឹងមាំ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងយោធា និងសម្ពាធការទូតពីសំណាក់មហាអំណាចកុម្មុយនីស្ដចិន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕



