គ្រា.ប់កាំភ្លើ.ង គ្រា.ប់បែ.ក និងគ្រា.ប់រ៉ុក្កែតមីយ៉ាន់ម៉ា ធ្លាក់ចូលដីថៃ បង្ខំឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងតក់ក្រហល់
ហៀប ស៊ីថេត
9 ម៉ោងមុន

ខេត្តតាក៖ គិតត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា បាននិងកំពុងស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ក្រោយពីមានឈុតឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានបន្តផ្ទុះឡើងដូចលាជ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើទឹកដីថៃ ពិសសក្នុងស្រុកម៉ែសូត្រ...។

ការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ នៅជុំវិញភូមិមីនឡាប៉ាន់ (Minlapan) និងភូមិផាលូ (Phalu) ក្នុងក្រុងម្យ៉ាវ៉ាឌី (Myawaddy) រដ្ឋកាយីន ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅចំទល់មុខនឹងភូមិហួយមហាវង្ស (Huai Mahawong) ស្រុកម៉ែសូត្រ ខេត្តតាក ប្រទេសថៃ។ ការបាញ់សាចតទល់គ្នាយ៉ាងសន្ធឹក បានធ្វើឱ្យភាគីទាំងសងខាងរងរបួស និងស្លាប់ច្រើន ដោយសារតែការប្រើអាវុធធុនធ្ងន់។ បន្ថែមពីនេះ ប៉ុន្តែភាគីទាំងពីរ នៅតែបន្តប្រើប្រាស់ដ្រូន ដើម្បីទម្លាក់គ្រាប់បែកដូចទឹកភ្លៀងលើមូលដ្ឋានទ័ពគ្នាទៅវិញទៅមក ដែលធ្វើឱ្យសំឡេងផ្ទុះលាន់ឮទ្រហឹងអឹងកងពាសពេញបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ សូមជម្រាបថា គ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់រ៉ុក្កែតជាច្រើនប្រភេទ បានហោះរំលងទន្លេម៉ូអ៊ី (Moei River) ធ្លាក់ក្នុងភូមិឋានរបស់ប្រជាពលរដ្ឋថៃ ហើយថ្មីៗនេះ គ្រាប់កាំភ្លើងបានផ្លាតហោះទៅធ្លាក់ចូលក្នុងបរិវេណសាលារៀនក្នុងភូមិម៉ែខនកែន ក្នុងឃុំមហាវ៉ាន់ ស្រុកម៉ែសូត្រ។ ជុំវិញបញ្ហានេះ អាជ្ញាធរមូលដ្ឋានរបស់ថៃ បានសម្រេចចិត្តជម្លៀសសិស្សទាំងអស់ចេញពីសាលារៀនជាបន្ទាន់ ដោយផ្លាស់ទីពួកគេជាបណ្តោះអាសន្នទៅកាន់ទីតាំងសុវត្ថិភាពរួមមាន សាលាឆទានក្នុងវត្ត និងសាលាប្រជុំសហគមន៍នៅក្នុងភូមិ រហូតដល់ស្ថានការណ៍មានភាពធូរស្រាល។

កងកម្លាំងពិសេសរាជមនូរបស់ថៃ បានបង្កើនការល្បាតយ៉ាងដិតដល់ ក្រោយពីអ្នកភូមិបានប្រទះឃើញវត្ថុគួរឱ្យសង្ស័យ ដែលគេជឿថាជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ធ្លាក់ក្នុងតំបន់សហគមន៍។ ក្រុមជំនាញបានប្រមូល និងកម្ទេចចោលភ្លាមៗ ព្រមទាំងបានចេញប្រកាសព្រមានដល់គ្រប់ផ្ទះ ដាច់ខាតមិនត្រូវប៉ះពាល់ ឬផ្លាស់ទីវត្ថុគួរឱ្យសង្ស័យណាមួយឡើយ ដើម្បីបង្ការគ្រោះថ្នាក់ដល់ជីវិត និងត្រូវរាយការណ៍ជូនទាហានជាបន្ទាន់។ អាជ្ញាធរស្រុកម៉ែសូត្រ បានរៀបចំទីតាំងសុវត្ថិភាពបណ្តោះអាសន្នសម្រាប់ជម្លៀសប្រជាពលរដ្ឋថៃបន្ថែមទៀត ប្រសិនបើស្ថានការណ៍វិវត្តទៅជាធ្ងន់ធ្ងរ។ នាពេលបច្ចុប្បន្ន កងកម្លាំងថៃចម្រុះ រួមមានទាហានឈ្លប និងប៉ូលិសល្បាតព្រំដែន បានដាក់ពង្រាយរថយន្តបំពាក់កាំភ្លើងយន្តធុនធ្ងន់ ដើម្បីល្បាត និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង នៅតាមដងផ្លូវទាំងអស់នៅជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត