
រាជធានីបាងកក៖ លោក សីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាឱ្យមានការស៊ើបអង្កេតស្វែងរកការពិតជាបន្ទាន់ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នាមួយ ដែលបុគ្គលិកសន្តិសុខថៃ ប្រើប្រាស់កម្លាំងបាយហួសហេតុលើអ្នកគាំទ្រជនជាតិចិន នៅក្នុងកម្មវិធីពិពរណ៌ប្រលោមលោកអន្តរជាតិ ២០២៦ នៅរាជធានីបាងកក...។

ជុំវិញហេតុការណ៍នេះ គណនីហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំរាជធានីបាងកក បានបង្ហោះសារមួយថា៖«ក្នុងករណីពលរដ្ឋចិនម្នាក់ ត្រូវបានគេប្រើប្រាស់កម្លាំងហួសហេតុ និងនាំខ្លួនចេញពីតំបន់ព្រឹត្តិការណ៍ អំឡុងពេលចូលរួមកម្មវិធីចុះហត្ថលេខាលើសៀវភៅនៅរាជធានីបាងកក កាលពីថ្ងៃទី២៥ ខែកក្កដា។ ស្ថានទូតចិនប្រចាំប្រទេសថៃ ទទួលបានព័ត៌មានពីពលរដ្ឋចិនរូបនោះ និងទទួលបានសេចក្តីថ្លែងការណ៍ពីអ្នករៀបចំកម្មវិធី ដែលបានទទួលស្គាល់ថា បានប្រើប្រាស់កម្លាំងហួសពីកម្រិតសមស្របនឹងស្ថានការណ៍»។ «ស្ថានទូតចិនប្រចាំប្រទេសថៃ អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតលើអង្គហេតុឱ្យបានឆាប់រហ័ស និងចាត់វិធានការសមស្រប ដើម្បីដោះស្រាយស្ថានការណ៍នេះឱ្យបានទាន់ពេលវេលា។ ស្ថានទូតចិន នឹងផ្តល់ជំនួយដល់ពលរដ្ឋចិនរូបនោះ នៅក្នុងវិសាលភាពនៃអាជ្ញាធររបស់ខ្លួន និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍របស់ពលរដ្ឋចិន ស្របតាមច្បាប់ចិន» នេះបើតាមខ្លឹមសារបង្ហោះរបស់ក្រសួងការបរទេសចិនប្រចាំប្រទេសថៃដដែល។

បន្ទាប់ពីស្ថានទូតចិនប្រចាំនៅប្រទេសថៃ អំពាវនាវបែបនេះ ស្រាប់តែលោក សីហស័ក្តិ ភួងកេតកែវ ចេញមុខបញ្ជាក់យកល្អថា អាជ្ញាធរត្រូវតែស្វែងរកអង្គហេតុពិតប្រាកដ និងធានាយុត្តិធម៌ដល់គ្រប់ភាគីទាំងអស់ មុននឹងឈានទៅដល់ការពិភាក្សាផ្លូវការជាមួយភាគីស្ថានទូតចិន ឬចាត់វិធានការបន្ត។ ជាមួយគ្នា ក្រុមហ៊ុន GMMTV ដែលជាអ្នករៀបចំកម្មវិធី ក៏បានចេញមុខសុំទោស និងទទួលស្គាល់ថា បុគ្គលិកសន្តិសុខពិតជាបានប្រើប្រាស់កម្លាំងបាយហួសពីកម្រិតសមស្របមែន។ ក្រុមហ៊ុន បានប្រកាសផ្អាកការងារបុគ្គលិករូបនោះជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលស៊ើបអង្កេត៕





