វីរុសអេដស៍ផ្ទុះខ្លាំងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ, មានអ្នកឆ្លងថ្មីដល់ទៅ៧០០នាក់ជារៀងរាល់ឆ្នាំ
N
Nary Vann
28 កក្កដា 2026 11:30 AM

រាជធានីបាងកក៖ ការិយាល័យសុខាភិបាលសាធារណៈខេត្តឈៀងម៉ៃ ប្រទេសថៃ បានចេញផ្សាយទិន្នន័យរោគសាស្ត្រចុងក្រោយបង្អស់ ដោយបង្ហាញថា ខេត្តភាគខាងជើងមួយនេះ កំពុងប្រឈមមុខនឹងការកើនឡើងនៃវីរុសអេដស៍ (HIV) ដោយមានអ្នកឆ្លងសរុបកើនឡើង២៣៩០០នាក់ ដោយក្នុងនោះ មានអ្នកឆ្លងថ្មីប្រមាណ៧០០នាក់ជារៀងរាល់ឆ្នាំ ដែលជាមធ្យមភាគ ស្មើនឹង២នាក់ក្នុង១ថ្ងៃ

ទិន្នន័យបានបង្ហាញថា ក្រុមមនុស្សដែលមានអាយុពី១៥ ដល់២៤ឆ្នាំ កំពុងក្លាយជាប្រភពនៃការព្រួយបារម្ភយ៉ាងខ្លាំង ដោយករណីឆ្លង HIV ថ្មីទាំងអស់ គឺមានពាក់កណ្តាល កើតឡើងលើពួកគេ។ អាជ្ញាធរបានភ្ជាប់និន្នាការនេះទៅនឹងការផ្លាស់ប្ដូរឥរិយាបថផ្លូវភេទ កង្វះការយល់ដឹងអំពីវិធីសាស្ដ្រទប់ស្កាត់ និងការលំបាកក្នុងការទទួលបានសេវាសុខាភិបាលសម្រាប់យុវជន។ 

បន្ថែមពីនេះ អាជ្ញាធរសុខាភិបាលបានព្រមានថា ការផ្លាស់ប្ដូរឥរិយាបថរស់នៅក្នុងយុគសម័យឌីជីថល បានបង្កើតឱ្យមានហានិភ័យថ្មីៗបន្ថែមទៀត។ ទិន្នន័យក្នុងស្រុកបង្ហាញថា ៦១,៩ភាគរយនៃក្រុមបុរសរួមភេទជាមួយបុរសដូចគ្នា បានប្រើប្រាស់កម្មវិធីស្វែងរកគូស្នេហ៍ (Dating Apps) ដើម្បីជួបជុំ និងរួមភេទជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ ដែលជាទម្លាប់បង្កើនហានិភ័យខ្ពស់នៃការឆ្លងវីរុស HIV និងជំងឺផ្សេងទៀត ដែលឆ្លងតាមផ្លូវភេទ រួមទាំងជំងឺអុតស្វា (Mpox) ផងដែរ។

យោងតាមការបញ្ជាក់ពីការិយាល័យសុខាភិបាលសាធារណៈខេត្តឈៀងម៉ៃ វីរុសនេះមិនត្រឹមតែរីករាលដាលក្នុងចំណោមក្រុមមនុស្សជាក់លាក់ប៉ុណ្ណោះទេ ប៉ុន្តែកំពុងជះឥទ្ធិពលដល់សហគមន៍ជាច្រើន ជាពិសេសក្រុមពលករចំណាកស្រុក និងក្រុមជនជាតិភាគតិច។ ក្រុមមនុស្សងាយរងគ្រោះទាំងនេះ តែងតែជួបប្រទះឧបសគ្គក្នុងការទទួលបានសេវាថែទាំសុខភាព ដោយសារតែរបាំងភាសា កង្វះសិទ្ធិទទួលបានការព្យាបាល គ្មានឯកសារអត្តសញ្ញាណបណ្ណ និងការព្រួយបារម្ភពីការរើសអើងក្នុងសង្គម ដែលធ្វើឱ្យពួកគេពន្យារពេល ឬចៀសវាងការធ្វើតេស្ត និងការព្យាបាល។​ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ អាជ្ញាធរសុខាភិបាលបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកាត់បន្ថយភាពស៊ីសង្វាក់គ្នានៃការទទួលបានសេវាសុខាភិបាល ពង្រឹងការអប់រំសាធារណៈតាមប្រព័ន្ធឌីជីថល លុបបំបាត់ការរើសអើង និងធានាឱ្យមានការពិនិត្យឈាម រកថ្នាំបង្ការមុនប្រឈម ថ្នាំបង្ការក្រោយប្រឈម និងការព្យាបាលបានទូលំទូលាយ និងទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត