
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយគម្រោងអភិវឌ្ឍលំនៅឋានចំនួន៦ ព្រោះគម្រោងទាំងនេះគ្មានអាជ្ញាបណ្ណពីស្ថាប័ន ន.អ.ប. នោះទេ។

តាមរយៈសេចក្ដីជូនដំណឹងចុះកាលបរិច្ឆេទនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះគម្រោងអភិវឌ្ឍលំនៅឋានទាំង៦នោះ។ ១. គម្រោងវីឡាទោលតាបារាំង មានទីតាំងនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ២. គម្រោងបុរី វិមានមាស ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត, ៣. គម្រោងលំនៅឋាន មរកតសែនសុខ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៤. គម្រោង MAYURA ANGKOR ស្ថិតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ៥. គម្រោងបុរី ហ្គ្រីន កំពត នាមករណ៍ក្រុមហ៊ុន ប៊ីជីខេ ឯ.ក ស្ថិតនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត និង ៦. គម្រោងសុខារ៉េស៊ីដេន សានកូ នាមករណ៍ក្រុមហ៊ុន អិម.អ សុខា រ៉េស៊ីដេន គ្រុប ឯ.ក មានទីតាំងនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គម្រោងទាំង៦នេះ បាននិងកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ស្ថាប័នជំនាញមួយនេះ អំពាវនាវឱ្យបងប្អូនសាធារណជនទាំងអស់ប្រុងប្រយ័ត្នខ្ពស់បំផុត កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយគម្រោងខាងលើ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕



