និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន២ ឱ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ
អាន ប៊ុនរ័ត្ននៈ
03 កញ្ញា 2024 04:45 AM

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចេញសេចក្តីជូនដំណឹងជម្រាបជូន ម្ចាស់ក្រុមហ៊ុនចំនួន២ ដែលរួមមាន៖ ក្រុមហ៊ុន ស៊ីប៊ី រៀល អ៊ីស្ទេត ឯ.ក និងក្រុមហ៊ុន ជេខេ ប្រធឺធី ឯ.ក សូមមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ មុន ន.អ.ប. ចាត់វិធានការតាមផ្លូវច្បាប់...។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ លោក លោកស្រី បានប្រកបអាជីវកម្មផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុនរបស់លោក លោកស្រី បានប្រព្រឹត្តល្មើសនឹងប្រកាសលេខ ០៦៤ អ.ស.ហ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ស្តីពីអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ហើយ ន.អ.ប. បានចេញលិខិតអញ្ជើញក្រុមហ៊ុនមកបំភ្លឺករណីខាងលើ និងបានណែនាំឱ្យមកដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណ ប៉ុន្តែរហូតមកដល់ពេលនេះ លោក លោកស្រី មិនទាន់បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅឡើយទេ។

ដូចនេះ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិជាធរមាន ន.អ.ប. សូមកោះអញ្ជើញ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនឱ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ក្នុងរយៈពេលមិនលើសពី១៥(ដប់ប្រាំ)ថ្ងៃ យ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះជាកំហិត។ ក្នុងករណីនៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប. នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់។ ហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ន.អ.ប. សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចខាងលើនេះឱ្យបានត្រឹមត្រូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត