និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងថ្មី លើសេចក្តីជូនដំណឹងចាស់ ដែលក្រុមហ៊ុន និងគម្រោងប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍គ្មានអាជ្ញាបណ្ណពី ន.អ.ប.
អាន ប៊ុនរ័ត្ននៈ
24 មេសា 2024 09:03 AM

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៅថ្ងៃទី២៤មេសា ឆ្នាំ២០២៤នេះ បានធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដូចមានឈ្មោះក្នុងតារាងខាងក្រោម។

ទី១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ទីតាំងគម្រោងនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ទី២.ក្រុមហ៊ុន ខេភី រៀល អ៊ីស្លុត ឯ.ក គម្រោង “ដីឡូតិ៍ ម៉ន ដានី”  ទីតាំងគម្រោងនៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ទី៣.ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង “កំពតរីវើផាក” ទីតាំងគម្រោងនៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ទី៤.ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រជីធី ឯ.ក គម្រោង “ចម្ការលំហែកាយ"  ទីតាំងគម្រោងនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ទី៥.ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង”ទីតាំងគម្រោងនៅភូមិប្រស្្នឹបប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទី៦.ក្រុមហ៊ុន ដាប់បិលណាញ ឯ.ក គម្រោង “មរតកទំព័រមាស” ទីតាំងគម្រោងនៅភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៧.ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង “បុរី រីសិត មណ្ឌលគិរី” ទីតាំងគម្រោងនៅភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ដូចនេះ សូមសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង០៧ខាងលើ ដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបុគ្គលពាក់ព័ន្ធនឹងវិស័យអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ ជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត