
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា (ន.អ.ប.) បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយគម្រោងអភិវឌ្ឍដីឡូតិ៍របស់ក្រុមហ៊ុនទាំង៦ខាងក្រាមនេះ ព្រោះគ្មានអាជ្ញាបណ្ណស្របច្បាប់បញ្ជាក់ពីអាជ្ញាធរឱ្យធ្វើអាជីវកម្មនោះទ្បើយ…។

(ន.អ.ប.) បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍដីឡូតិ៍ចំនួន៦នោះមានដូចជា៖ ទី១.ក្រុមហ៊ុន ដីឡូតិ៍ផ្សារអង្គ ផ្លូវ៤១ នៅភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី២.ក្រុមហ៊ុន ធីអិលជីអាយ ថបលែនរៀល អ៊ីស្ទេត ឯ.ក គម្រោង «ថ័ប លែននាំសំណាង» នៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៣. ក្រុមហ៊ុន ដីឡូតិ៍ អ៊ុំ ហ៊ីង នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ទី៤.ក្រុមហ៊ុន ដីឡូតិ៍ សាមគ្គីមានជ័យ នៅភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

រីឯទី៥.អាណាចក្រ ហេរូមែន ប្រផឹធី ឯ.ក គម្រោង «ដីឡូតិ៍អាណាចក្រ ហេរូមែន» ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទី៦.ក្រុមហ៊ុន ដីឡូតិ៍ ក្រុងរណបពាក់ស្នែង នៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ ជាមួយគ្នានេះដែរ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសង្កត់ធ្ងន់ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតដើម្បីកុំឱ្យមានផលប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕



