
ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្ស បានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធករណីលួចចូលក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយខុសច្បាប់ រួមជាមួយអាវុធវែងប្រភេទ AK-47 ចំនួន១ដើម ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះ រួមមានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកងកម្លាំងប្រដាប់អាវុធ បានចុះល្បាតជាប្រចាំនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក។ ក្នុងពេលចុះល្បាត កម្លាំងជំនាញបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ២នាក់ កំពុងលួចលាក់ធ្វើសកម្មភាពចូលក្នុងតំបន់ការពារ ដោយមានស្ពាយអាវុធជាប់ខ្លួន។ ភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ឈ្មោះ ខ្វេះ ណាន់ និងឈ្មោះ សុភី សូត្រ ជាជនជាតិដើមភាគតិចព្នង ។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ អាជ្ញាធរ បានដកយកកាំភ្លើង AK-47 ចំនួន១ដើម មានគ្រាប់ចំនួន៨គ្រាប់ និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងបទល្មើសកាន់កាប់អាវុធខុសច្បាប់ និងការលួចចូលតំបន់ការពារធម្មជាតិដើម្បីប្រព្រឹត្តបទល្មើស។ មន្រ្តីជំនាញ ចាត់ទុកការនាំយកអាវុធចូលក្នុងតំបន់ការពារធម្មជាតិ ជាបទល្មើសធ្ងន់ធ្ងរ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតសត្វព្រៃកម្រៗ និងសុវត្ថិភាពរបស់មន្ត្រីឧទ្យានុរក្ស។ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តរឹតបន្តឹងការល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕



