កំពូលរថក្រោះទំនើបបំផុតទាំង៥ប្រភេទ ដែលកម្ពុជាគួរពិចារណាទិញបំពាក់ក្នុងសមរភូមិ ដើម្បីទប់ទល់ចោរឈ្លានពាន
ហៀប ស៊ីថេត
2 ម៉ោងមុន

បទបរិយាយ៖ នៅក្នុងយុគសម័យនៃសង្គ្រាមបច្ចេកវិទ្យា និងដ្រូនប្រយុទ្ធកំពុងមានឥទ្ធិពលខ្លាំងក្លា មនុស្សមួយចំនួនប្រហែលជាគិតថា រថក្រោះបានក្លាយជាយានប្រយុទ្ធ ដែលហួសសម័យទៅហើយ។ ផ្ទុយមកវិញ រថក្រោះប្រយុទ្ធទំនើបៗ នៅតែជាតួឯកដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសមរភូមិដីគោក ដើម្បីឈរជើងប្រយុទ្ធតតាំងច្បាំងគ្នាជាមួយសត្រូវ។ ដោយផ្អែកលើតថភាពជាក់ស្តែងនៃរំហសេដ្ឋកិច្ច និងកញ្ចប់ថវិកាការពារជាតិមានកម្រិត កម្ពុជានាពេលនេះ ទំនងជាលំបាកនឹងប្រជែងឧត្តមភាពដែនអាកាស តាមរយៈការបញ្ជាទិញយន្តហោះចម្បាំងថ្លៃៗ ឬបំពាក់ប្រព័ន្ធរ៉ាដាទំនើបៗ ដូចយោធាថៃនោះទេ។ យ៉ាងណា ការប្រជែងនៅលើសមរភូមិដីគោក គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា ក្នុងករណីយោធាថៃបើកការឈ្លានពានកម្ពុជាសាជាថ្មី។

ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធតាមជើងគោកឱ្យកាន់តែខ្លាំង ថ្ងៃនេះ SBM News សូមបង្ហាញកំពូលរថក្រោះទំនើបបំផុតទាំង៥ប្រភេទ ដែលរាជរដ្ឋាភិបាលកម្ពុជាគួរតែពិចារណាបញ្ជាទិញ ដើម្បីកសាងកំពែងការពារបូរណភាពទឹកដី និងដើម្បីទប់ទល់ចោរឈ្លានពាននៅទិសខាងលិច។ រាប់ពីលេខរៀងទី៥ មកលេខរៀងទី១។ 

ជម្រើសទី៥៖ ពស់វែកស្រការដែក T-14 Armata របស់រុស្ស៊ី។ វាតំណាងឱ្យការផ្លាស់ប្ដូរនៃរចនាប័ទ្មរថក្រោះសម័យសូវៀតមុនៗ។ វាត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៥ ដោយមានប៉មបាញ់ស្វ័យប្រវត្តិ និងបន្ទប់យោធាត្រូវបានរចនាឡើងក្នុងតួខ្លួនពាសដែក។ T-14 Armata មានប្រវែង ១០,៨ម៉ែត្រ, កម្ពស់ ៣,៣ ម៉ែត្រ, និងទទឹង ៣,៥ម៉ែត្រ ជាមួយទម្ងន់សរុប ៤៨តោន។ ម៉ាស៊ីនរបស់វាដើរដោយកម្លាំង ១៥០០សេះ ដែលអនុញ្ញាតឱ្យវាបង្កើនល្បឿនដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រតិបត្តិការបានចម្ងាយ ៥០០គីឡូម៉ែត្រ។ វាត្រូវបានបំពាក់ដោយប្រព័ន្ធការពារសកម្ម ដែលអាចបំផ្លាញគ្រាប់រ៉ុក្កែត ឬមីស៊ីលសត្រូវមុនហោះទៅដល់ខ្លួន ព្រមទាំងអាចបាញ់គ្រាប់នាំផ្លូវសំដៅទៅទីតាំងសត្រូវបានថែមទៀតផង។ ជាមួយនឹងភាពអស្ចារ្យ និងតម្លៃប្រមាណ ៧លានដុល្លារក្នុងមួយគ្រឿង វាជាជម្រើសដ៏សក្តិសមសម្រាប់កងទ័ពកម្ពុជា។

ពស់វែកស្រការដែក T-14 Armata
ពស់វែកស្រការដែក T-14 Armata

ជម្រើសទី៤៖ ខ្លារខិនខ្មៅ K2 Black Panther របស់កូរ៉េខាងត្បូង។ វាជារថក្រោះប្រយុទ្ធដ៏ទំនើប និងថ្លៃបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ វាត្រូវបានបង្ហាញរូបរាងក្នុងឆ្នាំ២០១៤។ វាមានប្រវែង ១០,៧ម៉ែត្រ, កម្ពស់ ២,៤ម៉ែត្រ និងទទឹង ៣,៦ម៉ែត្រ ជាមួយនឹងទម្ងន់៥៥តោន។ ខ្លារខិនខ្មៅមួយក្បាលនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនកម្លាំង ១៥០០សេះ ដោយរត់បានល្បឿនរហូតដល់ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានបំពាក់ប្រព័ន្ធជើងក្រោម Hydropneumatic (ហាយត្រប់នីម៉ាទីក) ដែលអាចបត់បែនតួខ្លួនចុះឡើងដើម្បីបាញ់កម្ទេចសត្រូវពីលើកំពូលភ្នំ ឬកន្លែងជម្រាលបានយ៉ាងមានប្រសិទ្ធភាព។ វាមានតម្លៃប្រមាណរហូតដល់ ៨,៥លានដុល្លារក្នុងមួយគ្រឿង។ ថ្វីដ្បិតថាថ្លៃបន្តិច ប៉ុន្តែវាជារថក្រោះកម្ទេចសត្រូវមិនឱ្យឈានចូលឈ្លានពានបានឡើយ។

ខ្លារខិនខ្មៅ K2 Black Panther
ខ្លារខិនខ្មៅ K2 Black Panther

ជម្រើសទី៣៖ អ្នកប្រមាញ់វ័យជ្រេ Challenger 2 (ឆាលែនជើ) របស់អង់គ្លេស។ វាបានឈានជើងចូលសមរភូមិតាំងពីឆ្នាំ១៩៩៨។ ថ្វីបើវាមានអាយុកាលច្រើនក៏ដោយ ប៉ុន្តែវានៅតែជាព្រានប្រមាញ់ដ៏គួរឱ្យភ័យខ្លាចនៅលើសមរភូមិ នោះក៏ដោយសារការបច្ចុប្បន្នភាព និងពាសដែកដ៏រឹង។ វាមានប្រវែង ១១,៥ម៉ែត្រ និងទម្ងន់ ៦២,៥តោន រថក្រោះនេះស្ថិតក្នុងចំណោមរថក្រោះធំបំផុតមួយនៅក្នុងពិភពលោក។ វាមានកម្ពស់ ២,៥ម៉ែត្រ និងទទឹង ៣,៥ម៉ែត្រ។ ជាមួយនឹងម៉ាស៊ីមានកម្លាំង ១២០០សេះ វាអាចរត់បានល្បឿនអតិបរមា ៥៩គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រយុទ្ធបានចម្ងាយប្រយុទ្ធ ៥៥០គីឡូម៉ែត្រ។ វាមានតម្លៃខ្ទង់ ៥លានដុល្លារក្នុងមួយគ្រឿង។ អ្នកប្រមាញ់វ័យជ្រេនេះ ត្រូវបានគេទទួលស្គាល់ដោយសារសមត្ថភាពធន់ រឹងមាំ វាយប្រហារមួយៗច្បាស់ៗ និងបានប្រឡូកក្នុងសមរភូមិជាក់ស្តែងជាច្រើន រួមទាំងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ជម្លោះផ្សេងៗទៀត។ មូលហេតុដែលកម្ពុជាគួរពិចារណាទិញ ក៏ដោយសារតែវាជាប្រភេទរថក្រោះការពារព្រំដែនដ៏រឹងមាំ ដែលចោរឈ្លានពានឃើញហើយច្បាស់ជាថយក្រោយ ឬគិតសិនដែរ មុនបើកការឈ្លានពានកម្ពុជា។

អ្នកប្រមាញ់វ័យជ្រេ Challenger 2
អ្នកប្រមាញ់វ័យជ្រេ Challenger 2

ជម្រើសទី២៖ ខ្លាឃ្មុំឌីជីថល M1A2 Abrams SEPv3។ វាគឺជាវ៉ារ្យ៉ង់ធ្វើទំនើបកម្មចុងក្រោយបង្អស់នៃរថក្រោះប្រយុទ្ធដ៏ល្បីល្បាញរបស់អាម៉េរិក។ វាបានជះរាងដ៏សង្ហាក្នុងឆ្នាំ២០២០ ជាមួយកម្លាំងបាញ់ដ៏សាហាវ ពាសដែកដ៏រឹងមាំ និងការចល័តដ៏រហ័ស្សរហួន។ វាមានប្រវែង ៩,៧៧ម៉ែត្រ, កម្ពស់ ២,៤៤ម៉ែត្រ, និងទទឹង ៣,៦៦ម៉ែត្រ ជាមួយទម្ងន់ ៦៧តោន។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនកម្លាំង ១៥០០សេះ ដែលអនុញ្ញាតឱ្យវាធ្វើដំណើរបានក្នុងល្បឿន ៦៧គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយប្រតិបត្តិការអតិបរមា ៤២៥គីឡូម៉ែត្រ។ បច្ចុប្បន្ន មាន ៣០០គ្រឿងកំពុងបម្រើការ។ SEPv3 មានការបន្ថែមប្រព័ន្ធការពារពាសដែកថ្មី ការកែសម្រួលការបែងចែកថាមពលសម្រាប់ប្រព័ន្ធអេឡិចត្រូនិកក្នុងសមរភូមិ និងការកែលម្អប្រព័ន្ធទំនាក់ទំនងសម្រាប់ប្រតិបត្តិការរួមគ្នា និងគាំទ្រដោយប្រព័ន្ធភ្លើងឡាស៊ែរ។ វាជារថក្រោះដ៏ថ្លៃមួយនៅលើភពផែនដី ជាមួយតម្លៃ ១៩លានដុល្លារក្នុងមួយគ្រឿង។ ទោះថ្លៃបន្តិចមែន ប៉ុន្តែវាពិតជាសក្តិសមណាស់សម្រាប់កម្ពុជា ក្នុងការផ្ដល់នូវសមត្ថភាពដែលគ្មានគូប្រៀប និងភាពធន់ក្នុងសមរភូមិដីគោក ដែលអាចកម្ទេចកងពាសដែកសត្រូវទាំងស្រុងបានយ៉ាងងាយ។  

ខ្លាឃ្មុំឌីជីថល M1A2 Abrams SEPv3
ខ្លាឃ្មុំឌីជីថល M1A2 Abrams SEPv3

ជម្រើសទី១៖ ខ្លារខិនពាសដែក Leopard 2A7V របស់អាល្លឺម៉ង់។ វាដណ្តើមបានតំណែងកំពូលជារថក្រោះទំនើប និងមានសមត្ថភាពបំផុតមួយ ដែលកំពុងបម្រើការនាពេលបច្ចុប្បន្ន។ វាគឺជារថក្រោះចុងក្រោយ និងទំនើបបំផុតនៃត្រកូល Leopard 2។ វាមានតួខ្លួនប្រវែង ១០,៩៧ម៉ែត្រ, កម្ពស់ ៣ម៉ែត្រ, និងទទឹង ៣,៧៥ម៉ែត្រ ជាមួយនឹងទម្ងន់ ៦៦,៥តោន។ វាមានម៉ាស៊ីនកម្លាំង ១៥០០​សេះ ដែលអាចរត់បានដល់ល្បឿន ៦៣គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចប្រតិបត្តិការបានចម្ងាយ ៣៤០គីឡូម៉ែត្រ។ វាបំពាក់នូវពាសដែកជំនាន់ថ្មី និងប្រព័ន្ធគ្រប់គ្រងសមរភូមិ ដែលភ្ជាប់ទំនាក់ទំនងយ៉ាងរលូនជាមួយកងកម្លាំងជួមុខ។ ទោះបីជាមានតម្លៃរហូតដល់ ២០លានដុល្លារ ក៏ដោយ ក៏វា ជាការវិនិយោគទុនផ្នែកយោធាដ៏មានឥទ្ធិពលបំផុត ដើម្បីធានាថា ចោរឈ្លានពានមិនហ៊ានរំលោភលើដែនអធិបតេយ្យភាពកម្ពុជាស្រេចតែចិត្តនោះទេ៕

ខ្លារខិនពាសដែក Leopard 2A7V 
ខ្លារខិនពាសដែក Leopard 2A7V 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត