
រាជធានីភ្នំពេញ៖ រយៈពេល៦ខែ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦នេះ អង្គភាពស៊ីម៉ាក់ (CMAC) រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្ទ បានចំនួនសរុប៥៤១គ្រាប់ និងស្រង់បន្ទះដែករបស់នាវាបានចំនួន១៦៩៦គីឡូក្រាម។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៧កក្កដា...។

អគ្គនាយកស៊ីម៉ាក់ លើកឡើងថា ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់បំណែកនាវា ដែលលិចនៅបាតទន្លេនេះ មិនត្រឹមតែបានចូលរួមលុបបំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាម និងការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេ និងផ្លូវសមុទ្ទ ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លើសពីនេះ ការបោសសម្អាត និងបើកផ្លូវទឹក ឱ្យមានសុវត្ថិភាព ក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការធ្វើពាណិជ្ជកម្ម ការនេសាទ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ។

អគ្គនាយកស៊ីម៉ាក់ បង្ហាញរបាយការណ៍ថា ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦នេះ ស៊ីម៉ាក់ សម្រេចបានលទ្ធផលជោគជ័យគួរឱ្យកត់សំគាល់ ដោយបានរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួនជាង២៦៩០០គ្រាប់ បន្ទះដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាម សរុបចំនួនប្រមាណជាង២៧៦តោន។ គ្រាប់យុទ្ធភណ្ឌទាំងនេះ ត្រូវបានកម្ទេចចោល ចំនួនជាង១៥១០០គ្រាប់ និងដោះបន្សាបបានចំនួនជាង៨២០០គ្រាប់៕




