កម្ពុជាប្រាប់សហភាពអឺរ៉ុប ការដោះមីនតាមព្រំដែនជាមួយថៃពុំជាបញ្ហាចម្បងទេ រឿងសំខាន់ថៃបញ្ឈប់ការឈ្លានពាន
S
Soriya Sou
17 កញ្ញា 2025 02:30 PM

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១នៃអាជ្ញាធរមីន បានគូសបញ្ជាក់ថា ការបោសសម្អាតមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាចោទសម្រាប់កម្ពុជានោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺតំបន់នោះមិនទាន់មានការឯកភាពគ្នាច្បាស់លាស់នៅឡើយ...។

លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និង លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន។
លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និង លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៦ កញ្ញាម្សិលមិញ។ លោកទេសរដ្ឋមន្រ្តី លី ធុច បានជម្រាបប្រាប់លោក Igor Driesmans ថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្ត ស្របតាមកម្មវិធីដែលបានកំណត់។ កម្ពុជានៅតែបន្តបេសកកម្មនៃសកម្មភាពបោសសម្អាតមីនជាធម្មតា ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការបោសសម្អាតមីន ត្រូវផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។

លោកសង្កត់ធ្ងន់ថា៖«ការងារបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនមែនចោទជាបញ្ហាចម្បងនោះទេ តែបញ្ហាសំខាន់ គឺតំបន់តាមបណ្តោយព្រំដែនមិនទាន់ទទួលបានការឯកភាពគ្នា និងកំណត់ខណ្ឌសីមាច្បាស់លាស់នៅឡើយរវាងកម្ពុជា-ថៃ»។ បើតាមលោក លី ធុច ជម្លោះប្រដាប់អាវុធបន្ទាប់ពីយោធាថៃចូលឈ្លានពានរយៈពេល៥ថ្ងៃកន្លងទៅ យោធាថៃបានបន្សល់ទុកនូវយុទ្ធភណ្ឌគ្រឿងផ្ទុះយ៉ាងច្រើន និងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់រយៈពេលយូរ។ ជាពិសេស វាបានបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ បន្ថែមលើបញ្ហាមីនដែលនៅសេសសល់នៅតាមបណ្តោយព្រំដែន ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងបោសសម្អាតមីនឱ្យអស់ ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត