ម្ចាស់កំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ ចេញសុំទោសសាធារណៈ និងបញ្ជាក់ពីមូលហេតុដែលស្រឡាងប៉ះទង្គិចសាឡង់ខ្សាច់ ខណៈមហាជនរិះគន់ថា មិនគិតពីអាយុជីវិតអ្នកដំណើរជាច្រើននាក់
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ម្ចាស់អាជីវកម្មកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ បានចេញវីដេអូសូមទោសជាសាធារណៈ និងបញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានហេតុការណ៍«ស្រឡាងដឹកអ្នកដំណើរពេញ ប៉ះទង្គិចជាមួយសាឡង់ដឹកខ្សាយ»នៅកណ្តាលទន្លេ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា។ ក្រោយមហាជន ឃើញវីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គម ក៏នាំគ្នារិះគន់ក្នុងន័យដូចគ្នាថា ហាក់ធ្វេសប្រហែស និងមិនគិតពីអាយុជីវិតអ្នកដំណើរ ដែលមានទាំងក្មេងតូចៗផង។  

លោក អាន សំអន នាយក និងជាតំណាងកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ បានចេញមុខសុំទោសជាសាធារណៈ និងទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ លោក បកស្រាយថា ឧបទ្ទវហេតុនេះ បណ្ដាលមកពីមាន«ដុំឈើជាប់ស្លាបចង្កូតស្រឡាង»។ ម្ចាស់អាជីវកម្មកំពង់ចម្លងរូបនេះ បានសម្ដែងការសោកស្ដាយចំពោះហេតុការណ៍ ដែលបានធ្វើឱ្យអ្នកដំណើរមានការភិតភ័យខ្លាច និងបានសុំអភ័យទោសដល់ប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមគ្នា លោកក៏បានប្តេជ្ញាថា នឹងពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក៏ដូចជាវិធានការសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្ការមិនឱ្យហេតុការណ៍ស្រដៀងគ្នានេះកើតឡើងជាថ្មីឡើយ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហោះសារលើគណនីហ្វេសប៊ុកបង្ហាញការសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើង និងបញ្ជាក់ថា ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់លើការដោះស្រាយបញ្ហានេះ។ ទោះបីជាហេតុកាណ៍នេះ មិនបានបង្កឱ្យមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ក៏ដោយ តែអ្នកនាំពាក្យរូបនេះ និយាយក្នុងនាមក្រសួង ទាមទារឱ្យម្ចាស់កំពង់ចម្លងចេញមុខទទួលខុសត្រូវ សូមទោស និងត្រូវសន្យាមិនឱ្យហេតុការណ៍ដូចគ្នានេះកើតឡើងជាថ្មីនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត