
ក្រុងសៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានជួបពិភាក្សាជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (AOT) ដឹកនាំដោយឧត្តមនាវីត្រីលោក ហ្កេន ឌីហ្សុន (GLENN Z DIZON) ប្រធាន AOT និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជា។ ជំនួបនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប។

ក្រសួងការពារជាតិកម្ពុជា ផ្សាយលើទំព័រហ្វេសប៊ុកថា ឧត្តមសេនីយ៍ឯក ពៅ ហេង បានសម្ដែងការអរគុណយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមក រហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមគ្នា លោកក៏បានជម្រាបប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន ពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ ជាការឆ្លើយតប ឧត្តមនាវីត្រី ហ្កេន ឌីហ្សុន ប្រធាន AOT បានថ្លែងអំណរគុណដល់យោធភូមិភាគទី៤ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ លោក ថែមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

តាមរយៈជំនួបនេះ កម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕





