ប្រធានក្រុមAOTថ្មីនៃកងទ័ពហ្វីលីពីន ចាប់ផ្ដើមបេសកកម្មដឹកនាំសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់
S
Soriya Sou
06 ឧសភា 2026 11:45 AM

រាជធានីភ្នំពេញ៖ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្ម នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ទឹកដីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីដឹកនាំសង្កេតការណ៍ ផ្ទៀងផ្ទាត់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ បន្តពីប្រទេសម៉ាឡេស៊ី…។

ឧត្តមនាវីត្រី គ្លេន ហ្ស៊ីឌីហ្សុន និងនាយទាហាន៣រូបផ្សេងទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ លោកស្រីបានសម្ដែងការកោតសរសើរចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីនមកកាន់កម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី អនុលោមតាមស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥,  សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។ ជាងនេះទៅទៀត កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់មន្ត្រី AOT៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត