នាយទាហានឥណ្ឌូណេស៊ី២រូបមកដល់កម្ពុជា ចូលរួមសង្កេតការណ៍ ផ្ទៀងផ្ទាត់ បញ្ហាព្រំដែនកម្ពុជា-ថៃ
S
Soriya Sou
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ នាយទាហានបន្តវេនចំនួនពីររូបរបស់ឥណ្ឌូណេស៊ី បានមកដល់ទឹកដីប្រទេសកម្ពុជាហើយ ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសង្កេតការណ៍ ផ្ទៀងផ្ទាត់ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ...។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះថា នាយទាហានបន្តវេនរបស់ឥណ្ឌូណេស៊ី លោកវរសេនីយ៍ទោ ទេវី អ៊ីប្រូហ៊ីម (DEVI IBROHIM) និងវរសេនីយ៍ត្រី រ៉ាងហ្កា ហាទី សាពូត្រា (RANGGA HADI SAPUTRA) បានមកដល់កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧:២៥នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីនាយទាហាន នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។ នាយទាហានឥណ្ឌូណេស៊ីទាំងពីរូប នឹងចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព លើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមកម្ពុជា-ថៃ។ 

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

កម្ពុជាតែងស្វាគមន៍បណ្តាប្រទេសជាមិត្ត ដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។ បញ្ហាព្រំដែន-ថៃ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្ដីថ្លែងការណ៍ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត