ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះប្រមូលទិន្នន័យនៅតំបន់ប្រាសាទព្រះវិហារ ដែលថៃបានបំផ្លិចបំផ្លាញ
S
Soriya Sou
26 កុម្ភៈ 2026 08:30 AM


ក្រុងព្រះវិហារ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានសមាជិក៧ប្រទេស នៅព្រឹកថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែង នៅលើទីតាំងផ្ទាល់នៃតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ដែលត្រូវយោធាថៃបំផ្លិចបំផ្លាញយ៉ាងកំរោល…។

ដំណើរការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ផលប៉ះពាល់ ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្របសម្រួលដោយមន្រ្តីក្រសួងការពារជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៦កុម្ភៈ។ អ្នកនាំពាក្យគូសបានបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា​ និងថៃ កាលពីថ្ងៃទី២៦តុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

ជាថ្មីម្ដងទៀត កម្ពុជារំពឹងថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាជាមួយកម្ពុជា ដោយសុឆន្ទៈ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ។ សូមជម្រាបថា កម្ពុជាតែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមអ្នកសង្កេតការណ៍ AOT បានចុះត្រួតពិនិត្យ ប្រមូលទិន្នន័យតាមទីតាំងសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលយោធាថៃបំផ្លាញ ក្នុងខេត្តពោធិ៍សាត់, ឧត្តរមានជ័យ, សៀមរាប, បន្ទាយមានជ័យ និង ព្រះវិហារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត