ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាមួយពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក
S
Soriya Sou
15 មេសា 2026 02:00 PM

ក្រុងសិរីសោភ័ណ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអញ្ជើញចុះលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ ដែលបានទៅតាំងទីលំនៅបណ្ដោះអាសន្ន ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក...។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១៤មេសា ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ រូបលោក រួមជាមួយក្រុមសម្របសម្រួល (CLG) នៃប្រទេសកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ 

ក្នុងឱកាសចុះការណ៍ ផ្ទៀងផ្ទាត់ ក្រុមអ្នកសង្កេតការណ៍ AOT ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងសប្បាយរីករាយ និងចុះជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹកនៅតាមខ្នងផ្ទះក្នុងភូមិ ឃុំខាងលើផងដែរ។ សូមជម្រាបថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ នៅជំរំភៀសសឹកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក អមដោយការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា៖ ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្រ, ឡើងសសរខ្លាញ់, និងតន្ត្រីស្គដៃ ជាដើម។ នៅពេលរាត្រី ក៏មានប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ ដែលបងប្អូនប្រជាពលរដ្ឋអាចចូលរួមលេងកម្សាន្តដោយសេរី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត