វឹកវរខ្លាំងពេក! ថៃដាក់ខេត្តនរាធិវាសទាំងមូលក្នុងភាពមានអាសន្ន ហើយប្រកាសប្រើច្បាប់អាជ្ញាសឹកកម្ចាត់ក្រុមផ្តាច់ខ្លួន
ហៀប ស៊ីថេត
11 ម៉ោងមុន

ខេត្តភាគខាងត្បូង៖ យោធាថៃ បានប្រកាសប្រើប្រាស់អំណាចច្បាប់អាជ្ញាសឹកនៅទូទាំងខេត្តនរាធិវាស ដើម្បីបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមប្រដាប់អាវុធអ៊ិស្លាមនិយម បន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់មិនចេះអស់។ 

លោក អៅវុធ ភឿងភក្រ្ត (Aowut Phuengphak) មេបញ្ជាការកងកម្លាំងពិសេសខេត្តនរាធិវាស បានចុះហត្ថលេខាលើបទបញ្ជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦​នេះ ដោយអនុញ្ញាតឱ្យកងកម្លាំងយោធាប្រើប្រាស់អំណាចក្រោម«បញ្ញត្តិច្បាប់អាជ្ញាសឹកឆ្នាំ១៩១៤» របស់ប្រទេសថៃ ដើម្បីឆែកឆេរតាមទីតាំងនានា និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បើកការបាញ់សម្លាប់ទាហាន និងការវាយប្រហារឆៅៗជាបន្តបន្ទាប់ (ពេលខ្លះបើកការបាញ់ប្រហារទាំងថ្ងៃក៏មាន)។ អាជ្ញាធរបានអះអាងថា ក្រុមផ្តាច់ខ្លួនដែលបើកការបាញ់ប្រហារ កំពុងគេចខ្លួននៅឡើយ និងអាចបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។

ក្រោមបញ្ជាច្បាប់អាជ្ញាសឹកថ្មីនេះ កងកម្លាំងសន្តិសុខថៃ ទទួលបានសិទ្ធិអំណាចក្នុងការរៀបចំបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ឆែកឆេរយានយន្ត លំនៅឋាន ចាប់ខ្លួន និងឃាត់ខ្លួនជាបន្ទាន់ ចំពោះបុគ្គលទាំងឡាយណាដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើបះបោរ។ កងកម្លាំង ថែមទាំងអាចប្រើប្រាស់អាវុធភ្លាមៗប្រឆាំងនឹងជនសង្ស័យទាំងឡាយណា ដែលបង្កើតជាការគំរាមកំហែងចំពោះមុខដល់កងកម្លាំងសន្តិសុខ។ ច្បាប់អាជ្ញាសឹកនេះ ត្រូវចូលជាធរមានភ្លាមៗ និងចាប់ផ្តើមអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត