
រាជធានីបាងកក៖ យោធាប្រទេសថៃ ប្តេជ្ញាតាមប្រមាញ់អ្នកដែលបើកការវាយប្រហារដ៏សាហាវមួយនៅក្នុងខេត្តព្រំដែនភាគខាងត្បូងប្រទេស គឺខេត្តនរាធិវាស ដែលបានសម្លាប់ឆ្មាំការពារស្ម័គ្រចិត្តចំនួន៥នាក់ និងបង្កឱ្យមនុស្ស៦នាក់ផ្សេងទៀតរងរបួស ខណៈអគ្គសេនាធិការកងទ័ពថៃ បាននិយាយផ្លែផ្កា ឌឺដង បោះពាក្យ បោះសម្តី និងប្រើវោហាសាស្ត្រចោទប្រទេសម៉ាឡេស៊ី ថាជាអ្នកនៅពីក្រោយបំបែករដ្ឋ...។

អគ្គសេនាធិការកងទ័ពថៃ លោក ជ័យព្រឹក្ស ដួងប្រៈផាត់ (ชัยพฤกษ์ ด้วงประพัฒน์) បានចុះទៅពិនិត្យផ្ទាល់នៅខេត្តនរាធិវាស កាលពីថ្ងៃព្រហស្បតិ៍ទី២៣កក្កដាម្សិលមិញ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល និងមេបញ្ជាការយោធាថៃ លោក ប៉ានៈ ក្លែវផ្លដធូក (ปานะ แคล้วปลอดทุกข์)។ ការចុះពិនិត្យនេះបានធ្វើឡើង បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ ដោយក្រុមខ្មាំងកាំភ្លើង ដែលបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកបំពង់ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់សាលាក្រុងក្នុងស្រុករាំងហ្គែរ (Rangae) បណ្ដាលឱ្យឆ្មាំការពារស៊ីវិលស្ម័គ្រចិត្តចំនួន៥នាក់ស្លាប់ និងមនុស្ស៦នាក់ទៀតរងរបួស។

ជុំវិញរឿងរ៉ាវនេះ លោក ជ័យព្រឹក្ស បានបញ្ជាឱ្យបញ្ជាការដ្ឋានជួរមុខភូមិភាគ៤ ពង្រឹងវិធានការសន្តិសុខ និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនអ្នកទទួលខុសត្រូវយកមកផ្តន្ទាទោស។ លោកក៏បានណែនាំឱ្យកងកម្លាំងសន្តិសុខអនុវត្តវិធាននៃការប្រយុទ្ធ ឱ្យបានសមស្រប។ លោកបន្តសង្កត់ធ្ងន់ថា ប្រតិបត្តិការទាំងអស់ ត្រូវតែស្ថិតនៅក្នុងក្របខណ្ឌច្បាប់ ខណៈយោធាថៃត្រូវឆ្លើយតបចំពោះការគំរាមកំហែង។ លោក ជ័យព្រឹក្ស បានថ្លែងថា៖«យើងនឹងតាមប្រមាញ់ពួកគេ។ ពេលវេលាបានមកដល់ហើយ។ នរណាដែលជួយពួកគេ មិនថាប្រទេសណា សំដៅជួយជ្រោមជ្រែងពួកគេនោះទេ យើងនឹងតាមប្រមាញ់ពួកគេ។ វាដល់ពេលដែលយើងត្រូវក្លាយជាអ្នកប្រមាញ់វិញហើយ»។

ទោះបីជាមេបញ្ជាការយោធាថៃ មិនបានបញ្ចេញឈ្មោះចំៗក៏ដោយ ប៉ុន្តែនៅក្នុងបរិបទភូមិសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រនៃជម្លោះខេត្តនៅភាគខាងត្បូងប្រទេសថៃ គឺច្បាស់ណាស់ជាប្រទេសម៉ាឡេស៊ី។ ភាគីថៃ យល់ថា ក្រុមប្រដាប់អាវុធអ៊ិស្លាម និងចលនាតស៊ូភាគខាងត្បូងថៃ ត្រូវបានគេជឿថា តែងតែឆ្លងដែន ឬរត់ភៀសខ្លួនទៅពួនអាត្មាក្នុងទឹកដីម៉ាឡេស៊ី បន្ទាប់ពីធ្វើសកម្មភាពរួច។ ភាគីថៃជារឿយៗ តែងតែមានការសង្ស័យដោយស្ងាត់ៗថា អាជ្ញាធរ ឬក្រុមថ្នាក់ក្រោមមួយចំនួននៅភាគខាងជើងម៉ាឡេស៊ី អាចនឹងផ្តល់ជម្រក ឬបិទភ្នែក បិទច្រមុះ ចំពោះសកម្មភាពរបស់ក្រុមទាំងនេះ។ ការប្រើប្រាស់ពាក្យ «ប្រទេសណា ឬនរណា» របស់លោក ជ័យព្រឹក្ស ទំនងជាការព្រមានទៅកាន់ប្រទេសម៉ាឡេសស៊ី កុំឱ្យចូលជ្រៀតជ្រែក ឬផ្តល់ជំនួយដល់ក្រុមចលនាតស៊ូអ៊ិស្លាមនិយម នៅភាគខាងត្បូង៕





