
ក្រុងសៀមរាប៖ ស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ប្រាសាទបន្ទាយប្រី មិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មយ៉ាងប្រណីតទេ តែជាទីតាំងបង្ហាញពីកិច្ចសន្ទនាល្អឥតខ្ចោះរវាងសំណង់បុរាណ និងទេសភាពវប្បធម៌ជុំវិញ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរ និងអ្នកសិក្សាស្រាវជ្រាវ។

បើតាមអាជ្ញាធរជាតិអប្សរា ប្រាសាទបន្ទាយប្រី ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយាន តាមរយៈរចនាបថបាយ័ន។ ទោះបីជាសំណង់ប្រាសាទនេះ មានទំហំតូចល្មម និងពុំសូវមានសិលាចារឹករៀបរាប់វែងឆ្ងាយ ដូចប្រាសាទធំៗដទៃទៀតក្តី ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលលាក់ខ្លួននៅលើស៊ុមទ្វារ គឺពិតជាមានសារសំខាន់។ ផ្ទាំងសិលាចារឹកខ្លីៗទាំងនោះ ជាតម្រុយប្រវត្តិសាស្ត្រ ក្នុងការស្វែងយល់ពីព្រលឹង និងរចនាសម្ព័ន្ធសង្គមសម័យនោះ។

អាជ្ញាធរជាតិអប្សរា បន្ថែមថា បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងខ្ពស់ពីអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញបាននិងកំពុងដំណើរការ ការងារអភិរក្ស ស្រាវជ្រាវ ធ្វើសម្រង់ប្លង់ និងធ្វើកំណាយ ដើម្បីស្វែងរកបំណែកថ្មយកមកផ្គុំឡើងវិញតាមបច្ចេកទេសបុរាណវិទ្យា។ កិច្ចការដ៏មានតម្លៃនេះ មិនត្រឹមតែដាស់ព្រលឹងស្ថាបត្យកម្មខ្មែរឱ្យរស់ឡើងវិញ និងរក្សាបាននូវសមតុល្យទេសភាពវប្បធម៌ជុំវិញ បន្សល់ទុកមរតកចំណេះដឹង សម្បត្តិបេតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ៕






