ខ្មែរត្រូវចងចាំ​! តំណក់ឈាម និងទឹកភ្នែក ក្រោមសន្ធឹកគ្រា.ប់បែ.កពីសង្គ្រា.មឈ្លានពានរបស់ថៃ
ហៀប ស៊ីថេត
12 ម៉ោងមុន

បទបរិយាយ៖ ភ្លេចហើយឬនៅ...សំឡេងយន្តហោះចម្បាំង? ចងចាំទេ...សំឡេងគ្រាប់បែកផ្ទុះ និងស្នូគ្រាប់កាំភ្លើងរបស់ចោរឈ្លានពានទឹកដីកម្ពុជា...? សម្រែកដ៏ឈឺចាប់របស់វីរកងទ័ព និងសំឡេងទឹកភ្នែកស្រក់ដូចតំណក់ទឹកភ្លៀងរបស់ជនស៊ីវិលស្លូតត្រង់កម្ពុជា គឺជាដំដៅដ៏ឈឺចាប់ខ្លោចផ្សាបំផុត កប់ជ្រៅក្នុងក្រអៅដួងចិត្តប្រជាជនកម្ពុជា ដែលត្រូវចងចាំមិនអាចបំភ្លេចបាន។

យោធាថៃឈ្លានពាន បានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ៗ និងប្រើបក្សីចម្បាំង F-16, T-50TH និង Gripen ហោះទម្លុះពពក ជ្រែកមេឃកម្ពុជា ទម្លាក់គ្រាប់បែកពីលើអាកាសទៅលើមូលដ្ឋានយោធា ទីតាំងស៊ីវិល សំណង់ប្រាសាទបុរាណខ្មែរ និងទីតាំងផ្សេងៗទៀតយ៉ាងសហាវព្រៃផ្សៃ និងអមនុស្សធម៌បំផុត។ ថៃមិនត្រឹមតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្សល់ទុកនូវការឈឺចាប់ និងក្ដុកក្ដួលបំផុតសម្រាប់ប្រជាជាតិខ្មែរ។ សំឡេងយន្តហោះចម្បាំង ស្នូរគ្រាប់បែក សន្ធឹកនៃកងរថក្រោះ និងរថពាសដែកថៃ បានធ្វើឱ្យប្រជាជនកម្ពុជាតក់ស្លុត និងភ័យខ្លាច។ ភូមិឋានដែលធ្លាប់តែមានស្នាមញញឹម និងអ៊ូអរ ប្រែជាស្ងប់ស្ងាត់ ខណៈជញ្ជាំងផ្ទះ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ធ្លុះធ្លាយដានជាប់ដោយស្នាមនៃគ្រាប់កាំភ្លើង។

ផ្ទះគ្មានមនុស្សរស់នៅ ផ្លូវគ្មានមនុស្សដើរ សាលារៀនបិទទ្វារ ដីស្រែចម្ការ ប្រែក្លាយទៅជាវាលរហោស្ថាន នោះក៏ដោយសារតែស្នាដៃយោធាថៃឈ្លានពាន។ ជាក់់ស្តែង នៅពេលមានការផ្ទុះអាវុធពីភាគីថៃ ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ត្រូវបង្ខំចិត្តបោះបង់ចោលដីស្រែចម្ការច្បារដំណាំ ទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដើម្បីរត់ភៀសខ្លួន ស្វែងរកជម្រក និងទីតាំងសុវត្ថិភាព។ សំឡេងផ្ទុះនៃអាវុធធុនធ្ងន់ កាំភ្លើងធំ និងការគំរាមកំហែងពីលើអាកាស បានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់កុមារ និងមនុស្សចាស់កម្ពុជា។ សូមរំំលេចបន្តិចថា ការរំលោភបំពានរបស់ភាគីថៃ គឺបានបន្សល់ពីតាំងពីប្រវត្តិសាស្ត្រមកម្ល៉េះ លើព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រនេះ។ ថៃដែលជាប្រទេសធំ និងមានសេដ្ឋកិច្ចធំជាងកម្ពុជាស្ទើរ១០ដង និងមានអាវុធទំនើបធុនធ្ងន់ តែងតែដាក់សម្ពាធ និងគំរាមកំហែងកម្ពុជា[ជា]រឿយៗ។ ទាំងកម្លាំងបាយ កម្លាំងការទូត និងឥទ្ធិពលយោធា ថៃបានប្រើដើម្បីគាបសង្កត់ និងដាក់លើកម្ពុជា ដែលគ្មានចង់បានអ្វីក្រៅតែពីសន្តិភាព។ ដូច្នេះ ការឈ្លានពានរបស់ភាគីថៃលើកម្ពុជា បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃការប្រមាថ មើលងាយ និងការរំលោភបំពានដែនដី ដែលប្រជាជាតិខ្មែរត្រូវតែចងចាំមិនអាចបំភ្លេច។

តបទៅនឹងការឈ្លានពានរបស់យោធាថៃ ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្រទាប់យុវជនត្រូវតែរួមដៃគ្នាធ្វើឱ្យបាននូវចលនាពហិការឈប់ប្រើប្រាស់ទំនិញ និងសេវាកម្មរបស់ថៃ ដើម្បីបង្ហាញថា ទោះបីជាកម្ពុជាមានកម្លាំងយោធាតូចជាង ប៉ុន្តែស្មារតីមិនដែលចុះចាញ់ ឬឱនក្បាលចំពោះការគំរាមកំហែងនោះឡើយ។ មិនចុះចាញ់ គឺដើម្បីការពារកិត្តិយស អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិមាតុភូមិ ជាពិសេសដើម្បីបញ្ជាក់ថា ទោះគ្មានទំនិញថៃ ក៏ខ្មែរមិនស្លាប់ដែរ។ ថ្វីបើប្រឈមមុខនឹងកម្លាំងយោធា និងអាវុធទំនើបៗក៏ដោយ ប៉ុន្តែស្មារតីរបស់កងទ័ព និងប្រជាជនខ្មែរនៅតែរឹងមាំដូចថ្ម។ ដូចថ្ម នោះក៏ព្រោះថាតែ ការឈឺចាប់ តំណក់ទឹកភ្នែក និងឈាមយុទ្ធជនដែលបានពលីជីវិតក្រោមបុព្វហេតុការពារទឹកដី កំពុងតែដាស់តឿនស្មារតីកូនខ្មែរគ្រប់រូបឱ្យរួមសាមគ្គីគ្នាជាធ្លុងមួយ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ។ «ខ្មែរត្រូវចងចាំ» នូវរាល់តំណក់ឈាម និងទឹកភ្នែកដែលបានហូរស្រក់ ចង់ចាំនូវការឈឺចាប់ដែលថៃធ្វើមកលើកម្ពុជា ជាពិសេសចងចាំនូវសេចក្តីក្លាហានរបស់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតែយកទ្រូងពាំងគ្រាប់នៅសមរភូមិមុខ ដោយមិនខ្លាចមរណា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត