ក្នុងជំនួបជាមួយសម្តេចតេជោ លោក ស៊ី ជីនពីង អះអាងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតភាពជាដៃគូសន្តិសុខជាមួយកម្ពុជា និងបន្តរួមគ្នាកម្ចាត់អំពើឆបោកអនឡាញ
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ នៅក្នុងជំនួបទល់មុខជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស៊ី ជីនពីង ប្រធានាធិបតី និងអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានអះអាងថា ចិនមានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខជាមួយកម្ពុជា និងសហការគ្នា ដើម្បីបន្តលុបបំបាត់អំពើឆបោកអនឡាញដែលកើតមានដ៏រ៉ាំរ៉ៃ។ នេះបើតាមកាសែតចិនសិនហួរ។

សម្តេចតេជោ ហ៊ុន សែន(ឆ្វេង) និងលោក ស៊ី ជីនពីង
សម្តេចតេជោ ហ៊ុន សែន(ឆ្វេង) និងលោក ស៊ី ជីនពីង

សម្ដេចតេជោ បានគូសរំលេចពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋ ទាំងក្នុងក្របខ័ណ្ឌគណបក្ស។ សម្តេច បញ្ជាក់ថា សម្ដេចចង់ឃើញស្ថាប័ននីតិបញ្ញត្តិ ដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សនៃប្រទេសទាំងពីរ។ លោក ស៊ី ជីនពីង ថ្លែងថា ភាគីចិនកោតសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្ត និងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ សូមជម្រាបថា សម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចនៅចិនរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត