
រដ្ឋធានីវ៉ាស៊ីនតោន៖ កាសែតញ៉ូវយ៉កថាមស៍ បានរាយការណ៍ថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចបង្អាក់ផែនការវាយប្រហារ និងបន្ធូរបន្ថយការបង្កើនប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ជាបណ្តោះអាសន្ន។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការព្រមានអំពីការថមថយយ៉ាងខ្លាំងនៃស្តុកគ្រាប់មីស៊ីលការពារអាកាសរបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។

សេចក្តីរាយការណ៍បានឱ្យដឹងថា ការប្រកាសផ្អាកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាយ៉ាងតឹងរ៉ឹង រវាងលោកប្រធានាធិបតី ត្រាំ ជាមួយទីប្រឹក្សាជាន់ខ្ពស់ និងមន្ត្រីគណៈរដ្ឋមន្ត្រី។ ក្នុងអំឡុងពេលប្រជុំនោះ មន្ត្រីជាន់ខ្ពស់ផ្នែកយោធាបានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិកបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំជាថ្មីទៀត វាអាចនឹងធ្វើឱ្យបាត់បង់គ្រាប់មីស៊ីលការពារអាកាស Patriot រួមទាំងគ្រាប់យុទ្ធភណ្ឌសំខាន់ៗផ្សេងទៀត ដែលចាំបាច់បំផុតសម្រាប់ការពារទាហាន និងមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកដែលកំពុងឈរជើងនៅតំបន់មជ្ឈិមបូព៌ា។

បន្ថែមពីលើការបារម្ភអំពីកង្វះខាតសព្វាវុធ រដ្ឋបាលលោក ត្រាំ ក៏មានការព្រួយបារម្ភផងដែរថា ការបន្តបង្កើនការវាយប្រហារកាន់តែខ្លាំង អាចជំរុញឱ្យអ៊ីរ៉ង់បើកការសងសឹកកាន់តែធ្ងន់ធ្ងរមកវិញ។ លើសពីនេះ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្ទ និងអាចជំរុញឱ្យវិបត្តិថាមពលសកល រួមទាំងវិបត្តិកើនឡើងនៃជនភៀសខ្លួន កាន់តែមានភាពអាក្រក់ខ្លាំងឡើងថែមទៀត៕



