នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី បើកដៃឱ្យសហរដ្ឋអាម៉េរិកបន្តប្រើប្រាស់មូលដ្ឋានទ័ពអាកាស វា.យប្រ.ហារអ៊ីរ៉ង់
N
Nary Vann
17 ម៉ោងមុន

រាជធានីឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី ប៊ឺនហាំ (Andy Burnham) បានអនុម័តឱ្យសហរដ្ឋអាម៉េរិក បន្តប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ចក្រភពអង់គ្លេស សម្រាប់ប្រតិបត្តិការវាយប្រហារក្នុងន័យការពារខ្លួនទៅលើប្រទេសអ៊ីរ៉ង់ ដែលនេះជាការបន្តអនុវត្តតាមគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី លោក គៀ ស្តាមើរ (Keir Starmer)។

លោក អេនឌី ប៊ឺនហាំ
លោក អេនឌី ប៊ឺនហាំ

ការសម្រេចចិត្តនេះ អនុញ្ញាតឱ្យយន្តហោះចម្បាំង និងយន្តហោះយោធាអាម៉េរិក អាចប្រើប្រាស់មូលដ្ឋានទ័ព Diego Garcia នៅមហាសមុទ្ទឥណ្ឌា និង RAF Fairford ក្នុងដែនដីរបស់ចក្រភពអង់គ្លេស។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាម៉េរិក បើកការវាយប្រហារតាមអាកាសលើបណ្តាក្រុងនានា ក្នុងប្រទេសអ៊ីរ៉ង់ អស់រយៈពេល១១យប់ជាប់ៗគ្នា ក្នុងការដៅលើមជ្ឈមណ្ឌលប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងទីតាំងស្តុកដ្រូនរបស់អ៊ីរ៉ង់។ ជាការឆ្លើយតប ប្រទេសអ៊ីរ៉ង់ ក៏បានបើកការវាយប្រហារសងសឹកលើបណ្តាប្រទេសជិតខាង ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក ដូចជា ហ្ស៊កដានី បារ៉ែន ស៊ីរី និងគូវ៉ែត។

ទោះជាយ៉ាងណា ការបើកដៃឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពនេះ កំពុងប្រឈមនឹងការរះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស និងអង្គការអន្តរជាតិ ដោយសារតែពួកគេបារម្ភថា វាអាចជាការរំលោភលើច្បាប់អន្តរជាតិ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានព្រមានថា ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក កន្លងមក បានបង្កឱ្យមានការសង្ស័យ លើការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដូចជា ករណីវាយប្រហារលើសាលាបឋមសិក្សាមួយក្នុងប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ បានបណ្ដាលឱ្យមនុស្សជាង១៥០នាក់ស្លាប់ (ភាគច្រើនជាកុមារ) ដែលលទ្ធផលស៊ើបអង្កេតបឋមរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានទទួលស្គាល់ថា ជាការទទួលខុសត្រូវរបស់ខ្លួន។

ការសម្រេចចិត្តរបស់លោក ប៊ឺនហាំ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកបានពិភាក្សាតាមទូរសព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការជួយការពារ និងធានាសុវត្ថិភាពដល់នាវាដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្ស ខណៈលោក ត្រាំ ក៏បានបង្ហោះលើបណ្តាញសង្គម Truth Social របស់លោក ដោយលើកឡើងថា កិច្ចពិភាក្សាលើប្រធានបទយោធា ពាណិជ្ជកម្ម និងសន្តិសុខផ្លូវទឹកនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត