
សង្គ្រាមមជ្ឈិមបូព៌ា៖ កងទ័ពសហរដ្ឋអាម៉េរិក បានបន្តបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវ រួមទាំងបាញ់មីស៊ីលតម្រង់ទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងចាត់វិធានការយោធាទ្រង់ទ្រាយធំបន្ថែមទៀត ប៉ុន្តែលោក ក៏នៅតែបើកចំហចំពោះលទ្ធភាពនៃការចរចាការទូតផងដែរ។

ជាការឆ្លើយតប កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងបណ្តារដ្ឋអារ៉ាប់ រួមមាន៖ គុយវ៉ែត បារ៉ែន ហ្ស៊កដានី និងអ៊ីរ៉ាក់ (ពិសេសតំបន់ឃឺដ)។ ប៉ុន្តែ លោក ត្រាំ ប្រកាសថា ភាគីអាម៉េរិក កំពុងពិភាក្សាជាមួយភាគីអ៊ីរ៉ង់ ហើយលោកមើលឃើញចំណុចវិជ្ជមានថា អ៊ីរ៉ង់ ហាក់មានភាពស្មោះត្រង់ជាងមុន។ លោកបញ្ជាក់ថា ជម្រើស មាន២ គឺការបន្តប្រើប្រាស់កម្លាំងយោធាដើម្បីកម្ទេច ឬក៏ការស្វែងរកកិច្ចព្រមព្រៀងការទូត។

ជាមួយគ្នា ប៉ាគីស្ថានជាភាគីសម្របសម្រួល កំពុងសិក្សា និងរៀបចំផ្លូវដើម្បីបន្តកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក្រោមការជំរុញពីប្រទេសចិន។ សង្គ្រាមជិត៥ខែនេះ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត រុញច្រានអតិផរណាសកលឱ្យហក់ខ្ពស់ឡើង និងធ្វើឱ្យតម្លៃប្រេងឆៅឡើងថ្លៃលើស១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេង៕



